សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកបៀវត្សរ៍ឱ្យយោធិនទាំងអស់ នឹងត្រូវធ្វើតាមប្រព័ន្ធធនាគារ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០៦ -- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រុមការងារក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងតែសិក្សា ដើម្បីរៀបចំបើកបៀវត្សរ៍ ឱ្យយោធិនទាំងអស់ តាមប្រព័ន្ធធនាគារ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ នៅសាលមហោស្រពកោះពេជ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកំណែទម្រង់ គឺត្រូវពង្រឹងអភិបាលកិច្ចនូវក្នុងការគ្រប់គ្រង ខណៈការពង្រឹងការគ្រប់គ្រងកងទ័ពរុញទៅក្រោមត្រូវមានវិធានការការគ្រប់គ្រង។

សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «យើងបានគិតច្រើនណាស់ ហើយក្នុងនោះគឺការបើកបៀវត្សរ៍ តាមធានាគារ ក្រុមការងារក្រសួងការពារជាតិ ក្រសួងហិរញ្ញវត្ថុ កំពុងតែសិក្សា ដើម្បីរៀបចំបើកបៀវត្សរ៍ឱ្យយោធិនទាំងអស់ តាមប្រព័ន្ធធនាគារ ចំណុចនេះយើងបានធ្វើហើយ មិនមែនត្រឹមតែដាក់គោលនយោបាយទេ យើងធ្វើ»។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា កិច្ចការទាំងអស់ ត្រូវធានាឱ្យមានតុល្យភាព រវាងតម្លាភាព និងប្រសិទ្ធភាពការគ្រប់គ្រង និងការលាក់ការយោធាផងដែរ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





