លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង ចូលរួមកិច្ចប្រជុំថ្ងៃចុងក្រោយនៅទីក្រុងប៉េកាំង
AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅព្រឹកថ្ងៃសុក្រនេះ បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅគេហដ្ឋានផ្លូវការរបស់លោក ដោយចាប់ផ្តើមថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃរបស់មេដឹកនាំទាំងពីរ។
ក្រុមអ្នកសារព័ត៌មាននៅសេតវិមានបានឃើញលោក ត្រាំ ដើរកាត់សួនច្បារ Zhongnanhai ជាមួយលោក ស៊ី ខណៈដែលមេដឹកនាំទាំងពីរកំពុងរៀបចំថតរូបមិត្តភាព មុនពេលទទួលទានតែទ្វេភាគី និងអាហារថ្ងៃត្រង់បិទទ្វារ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ខណៈដែលលោកអង្គុយទទួលទានតែជាមួយលោក ស៊ី លោក ត្រាំ បានកោតសរសើរចំពោះទំនាក់ទំនងរបស់លោកជាមួយប្រធានាធិបតីចិន ដោយហៅវាថា «ជាទំនាក់ទំនងដ៏រឹងមាំមួយ» ហើយបាននិយាយថា ពួកគេទាំងពីរយល់ស្របថា ពួកគេមិនចង់ឱ្យអ៊ីរ៉ង់ «មានអាវុធនុយក្លេអ៊ែរទេ។ យើងចង់ឱ្យច្រកសមុទ្របើកចំហ»។
លោកបាននិយាយថា «យើងចង់ឱ្យពួកគេបញ្ចប់វា ព្រោះវាជារឿងឆ្កួតៗនៅទីនោះ។ ហើយវាមិនល្អទេ វាមិនអាចកើតឡើងបានទេ»។
ដោយស្វាគមន៍លោក ត្រាំ លោក ស៊ី បានពន្យល់ពីសារៈសំខាន់នៃវិមាន Zhongnanhai ក្នុងប្រវត្តិសាស្ត្រចិន ព្រោះវាជាជម្រករបស់អ្នកកាន់តំណែងមុនៗជាច្រើន។ លោក ស៊ី ក៏បានរំលឹកឡើងវិញនូវពិធីទទួលស្វាគមន៍របស់លោក ត្រាំ នៅរមណីយដ្ឋាន Mar-a-Lago នៅរដ្ឋហ្លូរីដាកាលពីក្នុងឆ្នាំ២០១៧។
ប្រធានាធិបតីចិនបាននិយាយថា «ខ្ញុំបានជ្រើសរើសកន្លែងនេះជាពិសេសដើម្បីតបស្នងដល់បដិសណ្ឋារកិច្ចដែលបានផ្តល់ជូនខ្ញុំ» ក្នុងឆ្នាំ២០១៧។
កិច្ចប្រជុំនៅទីក្រុងប៉េកាំង គឺជាកិច្ចចរចាចុងក្រោយ មុនពេលលោក ត្រាំ ចាកចេញពីរដ្ឋធានីចិន ដើម្បីវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ។
លោក ត្រាំ បាននិយាយពីមុនក្នុងអំឡុងពេលសម្ភាសន៍ជាមួយសារព័ត៌មាន Fox News ថា លោក និងលោក ស៊ី «មានទំនាក់ទំនងល្អណាស់»។
លោក ត្រាំ បាននិយាយថា «យើងពិតជាមានមិត្តភាព។ លោកជាមេដឹកនាំដ៏អស្ចារ្យម្នាក់។ លោកនៅទីនេះយូរមកហើយ មានអំណាចខ្លាំង និងរឹងមាំណាស់»។
លោក ត្រាំ បាននិយាយថា «គាត់ធ្វើការងារទាំងអស់ ហើយនោះជារឿងល្អ។ គ្មានការលេងល្បែងទេ... អ្នកមិនអាចរកឃើញបុរសដូចគាត់ទេ សូម្បីតែរូបរាងរបស់គាត់ អ្នកដឹងទេ គាត់ខ្ពស់ ខ្ពស់ណាស់ ហើយជាពិសេសសម្រាប់ប្រទេសនេះ ពីព្រោះពួកគេមានទំនោរទៅរករាងទាបបន្តិច»។
ដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ប្រទេសចិន បានកើតឡើងចំពេលដែលមានជម្លោះនៅមជ្ឈិមបូព៌ា ដែលបង្កឡើងបន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលជំរុញឱ្យទីក្រុងតេអេរ៉ង់សងសឹកប្រឆាំងនឹងអ៊ីស្រាអែល និងសម្ព័ន្ធមិត្តអាម៉េរិកនៅឈូងសមុទ្រ រួមជាមួយនឹងការបិទច្រកសមុទ្រហ័រមុស។ បទឈប់បាញ់គ្មានកំណត់កំពុងមានប្រសិទ្ធភាពនាពេលបច្ចុប្បន្ន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖AA-AKP)





