សេតវិមាន៖ លោក ស៊ី និងលោក ត្រាំ យល់ស្របគ្នាថា «ច្រកសមុទ្រហ័រមុសត្រូវតែបើកចំហ»
AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ -- បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំង លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកប្រធានាធិបតី ស៊ី ជីនពីង បានឈានដល់ការឯកភាពគ្នាដ៏សំខាន់មួយចំពោះសន្តិសុខថាមពលជាសកល ជាពិសេសបានឯកភាពគ្នាថា ច្រកសមុទ្រហ័រមុសត្រូវតែបើកចំហ។ ក្នុងចំណោមភាពតានតឹងក្នុងតំបន់ដែលកំពុងបន្ត និងការវាយប្រហារពីមុនដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃលំហូរថាមពលដោយសេរី។ ប្រទេសចិនបានសម្តែងការប្រឆាំងយ៉ាងខ្លាំងចំពោះយោធានីយកម្ម ឬការបង់ប្រាក់ណាមួយនៅក្នុងផ្លូវទឹក ខណៈដែលក៏យល់ស្របជាមួយសហរដ្ឋអាមេរិកក្នុងជំហរថា អ៊ីរ៉ង់មិនត្រូវទទួលបានអាវុធនុយក្លេអ៊ែរឡើយ។
ចំពោះវិស័យសេដ្ឋកិច្ច មេដឹកនាំទាំងពីរបានផ្តោតសំខាន់ទៅលើការពង្រីកការចូលប្រើប្រាស់ទីផ្សារ និងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលឈានដល់តម្លៃ ៤១៤ប៊ីលានដុល្លារអាម៉េរិកកាលពីឆ្នាំមុន។ ចំណុចពិភាក្សាសំខាន់ៗរួមមាន ការបង្កើនការទិញផលិតផលកសិកម្ម និងប្រេងអាម៉េរិករបស់ចិន ក៏ដូចជាការដោះស្រាយលំហូរនៃសារធាតុហ្វេនតានីលចូលទៅក្នុងសហរដ្ឋអាមេរិក។ លោក ត្រាំ ត្រូវបានអមដំណើរដោយនាយកប្រតិបត្តិក្រុមហ៊ុនធុរកិច្ចអាម៉េរិកជាច្រើនក្នុងអំឡុងពេលចរចានោះ ដើម្បីតស៊ូមតិសម្រាប់ឱកាសវិនិយោគរបស់សហរដ្ឋអាមេរិកកាន់តែច្រើននៅក្នុងទីផ្សារចិន។
ទោះបីជាមានសម្លេងសហប្រតិបត្តិការទាក់ទងនឹងពាណិជ្ជកម្ម និងថាមពលក៏ដោយ ក៏នៅតែមានការកកិតគួរឱ្យកត់សម្គាល់ទៅលើបញ្ហាកោះតៃវ៉ាន់។ លោកប្រធានាធិបតី ស៊ី បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា បញ្ហានេះ គឺជាសសរស្តម្ភដ៏រសើបបំផុតនៃទំនាក់ទំនង ដោយលោកបានបញ្ជាក់ថា ការដោះស្រាយមិនត្រឹមត្រូវអាចនាំឱ្យមានការប៉ះទង្គិចគ្នា ឬជម្លោះដោយផ្ទាល់។ ខណៈដែលសេចក្តីថ្លែងការណ៍របស់សេតវិមានផ្តោតជាសំខាន់ទៅលើស្ថិរភាពជាយុទ្ធសាស្ត្រ និងសេណារីយ៉ូ «ឈ្នះ-ឈ្នះ» នៅក្នុងវិស័យសេដ្ឋកិច្ច ប្រទេសចិនបានគូសបញ្ជាក់ថា ស្ថិរភាពជារួម គឺអាស្រ័យទាំងស្រុងលើរបៀបដែលសហរដ្ឋអាមេរិកគ្រប់គ្រងស្ថានភាពរបស់កោះតៃវ៉ាន់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





