កាហ្សាក់ស្ថាន និងតួកគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផលិតយន្តហោះគ្មានមនុស្សបើករួមគ្នា
AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ -- ក្រសួងឧស្សាហកម្ម និងសំណង់កាហ្សាក់ស្ថាន បាននិយាយថា ប្រទេសកាហ្សាក់ស្ថាន និងតួកគី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើតក្រុមហ៊ុនរួមគ្នាសម្រាប់ការផលិត និងថែទាំយន្តហោះគ្មានមនុស្សបើក។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុងអាស្តាណា ដោយមានវត្តមានរបស់ប្រធានាធិបតីកាហ្សាក់ស្ថាន លោក កាសស៊ីម ចូម៉ាត តូកូយ៉េវ (Kassym-Jomart Tokayev) និងប្រធានាធិបតីតួកគី លោក រេសិប តាយយីប អឺដូហ្គេន (Recep Tayyip Erdogan) ដែលកំពុងបំពេញទស្សនកិច្ច។
រោងចក្ររួមគ្នានេះនឹងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកាហ្សាក់ស្ថាន ដោយក្រុមហ៊ុនផលិតសម្ភារៈការពារជាតិរបស់រដ្ឋ គឺក្រុមហ៊ុនវិស្វកម្មកាហ្សាក់ស្ថាន និងក្រុមហ៊ុនឧស្សាហកម្មអវកាសតួកគី ដើម្បីផលិត និងថែទាំយន្តហោះគ្មានមនុស្សបើក ANKA ដោយធ្វើឱ្យប្រទេសកាហ្សាក់ស្ថានក្លាយជាប្រទេសបរទេសដំបូងគេដែលផលិតយន្តហោះគ្មានមនុស្សបើក។
យោងតាមក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ និងវាយប្រហារ ANKA ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសតួកគីក្នុងឆ្នាំ២០១៣ ហើយបានឆ្លងកាត់ការធ្វើតេស្តប្រយុទ្ធរួចហើយ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





