យ៉ាងហោចណាស់កុមារ ៥៩នាក់បានស្លាប់ និងរងរបួសនៅប្រទេសលីបង់ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ
- AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ -- យ៉ាងហោចណាស់កុមារចំនួន ៥៩នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និងរងរបួសនៅប្រទេសលីបង់ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ។ នេះបើយោងតាមការលើកឡើងរបស់មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) កាលពីថ្ងៃពុធ ដោយព្រមានពីគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរឡើងទាំងផ្លូវកាយ និងផ្លូវចិត្តក្នុងចំណោមយុវជនដែលនៅរស់រានមានជីវិត។
យោងតាមក្រសួងសុខាភិបាលលីបង់បានឱ្យដឹងថា កុមារយ៉ាងហោចណាស់ចំនួន ២៣ នាក់ត្រូវបានសម្លាប់ និង ៩៣នាក់រងរបួសចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅពាក់កណ្តាលអធ្រាត្ររវាងថ្ងៃទី១៦ និង ១៧ ខែមេសា ដែលនាំឱ្យចំនួនសរុបនៃកុមារដែលរងរបួសចាប់តាំងពីថ្ងៃទី២ ខែមីនាមានចំនួន ២០០នាក់បានស្លាប់ និង ៨០៦នាក់រងរបួស។
យោងតាមមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់សុខភាពសាធារណៈរបស់ប្រទេសលីបង់ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា កាលពីថ្ងៃពុធដដែល យ៉ាងហោចណាស់មនុស្សចំនួន ៣៣នាក់ រួមទាំងស្ត្រី និងកុមារ ត្រូវបានសម្លាប់នៅក្នុងការកើនឡើងនៃការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងភាគខាងត្បូង និងកណ្តាលប្រទេសលីបង់។
លោក អេដូអាដ បេកបេដឺ (Edouard Beigbeder) នាយកតំបន់អង្គការ UNICEF ប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង បាននិយាយថា «កុមារកំពុងត្រូវបានសម្លាប់ និងរងរបួសនៅពេលដែលពួកគេគួរតែត្រឡប់ទៅថ្នាក់រៀនវិញ លេងជាមួយមិត្តភក្តិ និងងើបឡើងវិញពីការភ័យខ្លាច និងភាពចលាចលអស់រយៈពេលជាច្រើនខែ»។
លោក បេកបេដឺ បានបន្ថែមថា ទោះបីជាមានកិច្ចព្រមព្រៀងដែលមានបំណងបញ្ឈប់អំពើហិង្សាក៏ដោយ កុមារនៅតែបន្តរងការវាយប្រហារម្តងហើយម្តងទៀត និងរបួសផ្លូវចិត្តដែលអាចមានផលវិបាកពេញមួយជីវិត។
អង្គការ UNICEF ក៏បានព្រមានផងដែរថា កុមារជាង ៧៧០.០០០នាក់នៅក្នុងប្រទេសលីបង់កំពុងជួបប្រទះនឹងភាពតានតឹងផ្លូវចិត្តកាន់តែខ្លាំងឡើង ដោយសារតែការប៉ះពាល់ម្តងហើយម្តងទៀតទៅនឹងអំពើហិង្សា ការផ្លាស់ និងការបាត់បង់ទីលំនៅ។ រោគសញ្ញាក្នុងចំណោមកុមារ និងអ្នកថែទាំរួមមាន ការភ័យខ្លាច ការថប់អារម្មណ៍ សុបិន្តអាក្រក់ ការគេងមិនលក់ និងភាពអស់សង្ឃឹម៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





