យន្តហោះគ្មានមនុស្សបើករបស់ក្រុមហេសបូឡាហ៍បានវាយប្រហារអ៊ីស្រាអែលបណ្តាលឱ្យរបួសមនុស្ស ៣នាក់ AKP
ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ -- អាជ្ញាធរអ៊ីស្រាអែលបាននិយាយថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានផ្ទុះដែលបាញ់ចេញពីប្រទេសលីបង់បានវាយប្រហារចំណតរថយន្តមួយកន្លែងនៅឧទ្យានជាតិ Rosh HaNikra ភាគខាងជើងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ ដោយបានធ្វើឱ្យជនស៊ីវិល ៣នាក់រងរបួស។
មជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងស្រុកបាននិយាយថា អ្នករងរបួស ២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែលម្នាក់ទៀតរងរបួសស្រាល។
យោធាអ៊ីស្រាអែលបាននិយាយថា មិនមានស៊ីរ៉ែនណាមួយត្រូវបានបើកមុនពេលវាយប្រហារនោះទេ។ ខ្លួនបានកត់សម្គាល់ថា យន្តហោះគ្មានមនុស្សបើកនេះត្រូវបានបាញ់ដោយក្រុមហេសបូឡាហ៍ ដោយហៅការវាយប្រហារនេះថា «ជាការរំលោភយ៉ាងច្បាស់» លើបទឈប់បាញ់នៅក្នុងប្រទេសលីបង់។ ក្រុមហេសបូឡាហ៍មិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ។
ការវាយប្រហារនេះបានកើតឡើងចំពេលមានការវាយប្រហារតាមផ្លូវគោករបស់អ៊ីស្រាអែលកាន់តែខ្លាំងឡើងនៅភាគខាងត្បូងប្រទេសលីបង់ និងការវាយប្រហារតាមអាកាសប្រចាំថ្ងៃ។ ក្រុមហេសបូឡាហ៍បានឆ្លើយតបដោយការវាយប្រហារមានយន្តហោះគ្មានមនុស្សបើក និងរ៉ុក្កែតលើកងកម្លាំងអ៊ីស្រាអែល និងភាគខាងជើងប្រទេសអ៊ីស្រាអែល។ ក្រសួងសុខាភិបាលលីបង់បាននិយាយកាលពីថ្ងៃពុធថា មនុស្សចំនួន ២.៨៩៦នាក់ត្រូវបានសម្លាប់ និង ៨.៨២៤នាក់រងរបួសចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមកាលពីថ្ងៃទី២ ខែមីនា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





