សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យឆ្លាក់ទិដ្ឋភាពសោកនាដកម្មនៃសង្គ្រាមឈ្លានពានឆ្នាំ២០២៥នៅលើជញ្ជាំងវិមាន ឈ្នះ-ឈ្នះ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុ ប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានណែនាំឱ្យ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង មន្ត្រីពាក់ព័ន្ធ ដែលជាអ្នកទទួលបន្ទុកការងារនៅវិមាន ឈ្នះ ឈ្នះ ឱ្យឆ្លាក់ទិដ្ឋភាពសោកនាដកម្មនៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជាកាលពីឆ្នាំ២០២៥ នៅលើជញ្ជាំងវិមាន ឈ្នះ-ឈ្នះ ដើម្បីជាការចងចាំសម្រាប់ប្រជាពលរដ្ឋខ្មែរនាពេលអនាគត។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិមានឈ្នះ-ឈ្នះ ធ្វើឡើងដើម្បីបង្ហាញប្រវត្ដិសាស្រ្ដនៃសង្គ្រាមផ្ទៃក្នុងនៅកម្ពុជា។

លើសពីនេះទៅទៀត ការសាងសង់ស្តូបវិមាន ឈ្នះ-ឈ្នះគឺដើម្បីរម្លឹកដល់ ប្រតិបត្តិករគ្រប់ភាគីទាំងអស់ដែលធ្វើឱ្យនយោបាយ ឈ្នះ-ឈ្នះ សម្រេចបានជោគជ័យឈានទៅបញ្ចប់សង្គ្រាមផ្ទៃក្នុងបានទាំងស្រុងប្រទេសជាតិ មានសុខសន្តិភាព សម្បូរសប្បាយរុងរឿងរហូតមកដល់សព្វថ្ងៃនេះ។

ដោយឡែក ឆ្នាំ២០២៥កន្លងទៅនេះ គឺជាឆ្នាំដែលកម្ពុជារងសោកនាដកម្មដ៏ឈឺចាប់បំផុតពីការឈ្លានពានរបស់យោធាថៃចូលមកកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ ដើម្បីជាការចងចាំនៃសោកនាដកម្មនេះ សម្តេចបវរធិបតី បានណែនាំឱ្យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ដែលជាអ្នកទទួលបន្ទុកការងារនៅវិមាន ឈ្នះ ឈ្នះ ឱ្យឆ្លាក់ទិដ្ឋភាពសោកនាដកម្មនៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជាកាលពីឆ្នាំ២០២៥នៅលើជញ្ជាំងវិមាន ឈ្នះ-ឈ្នះ ដើម្បីជាការចងចាំសម្រាប់ប្រជាពលរដ្ឋខ្មែររាប់សតវត្សរ៍ទៅមុខទៀត។
សម្តេចបវរធិបតី ក៏បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលមិនភ្លេច និងចងចាំនូវគុណូបការៈដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃ បានរបស់យុទ្ធជន យុទ្ធនារី មន្ត្រីរាជការ និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ហើយប្រជាជនទាំងអស់សូមបន្ដចងចាំនូវគុណូបការៈដ៏ឧត្តុង្គឧត្តមនេះផងដែរ។
ទន្ទឹមនេះ សម្តេចបវរធិបតី ណែនាំឱ្យរៀបចំមេដៃជូនកងទ័ពនៅក្នុងសមរភូមិ ដើម្បីឱ្យប្រជាជនបានមើលឃើញការលះបង់របស់កងទ័ព និងនគរបាលសម្រាប់ជាតិមាតុភូមិ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





