រដ្ឋបាលខេត្តកណ្តាលរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួយដូរមនុស្ស
AKP កណ្តាល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦--រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ក្រោមអធិបតីភាពលោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្កកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ។

លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្កណ្តាល មានប្រសាសន៍ថា គោលបំណងនៃការរៀបចំវេទិការផ្សព្វផ្សាយនាពេលនេះ គឺចង់អោយបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់អំពីអ្វីទៅជាការជួញដូរមនុស្ស ឬការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី កុមារ ការប្រើអំពើហិង្សាផ្សេងៗ នឹងអោយបងប្អូនបានយល់ពីរបៀបនៃការការពារខ្លួន ឬដើម្បីរកជំនួយជាដើម។ ជាពិសេសដើម្បី លុបបំបាត់ការធ្វើអំពើជួញដូរមនុស្ស និងបង្ហាញពីការចូលរួមក្នុងការទទួលយកនូវចំណេះដឹងដើម្បីយកទៅផ្សព្វផ្សាយបន្តអោយបានទូលំទូលាយអំពីច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មភេទលើស្ត្រី និងកុមារ និង ច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះក៏ដូចជាផលវិបាកនៃការធ្វើចំណាកស្រុកដោយប្រថុយប្រថានផងដែរ។ តាមរយៈការផ្សព្វផ្សាយច្បាប់របស់លោកគ្រូឧទ្ទេសអំពីខ្លឹមសារនៃមេរៀននីមួយៗ ដែលបានធ្វើបទបង្ហាញតាមរយៈសំណួរចម្លើយ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញថា បងប្អូនប្រជាពលរដ្ឋ ប្អូនៗ និងក្មួយៗ សិស្សានុសិស្ស បានយល់ច្បាស់ពីអត្ថន័យ និងការជួយអន្តរាគមន៍នៅពេលដែលមានហេតុការណ៍កើតឡើង ពីវិធីសាស្ត្រ និងវិធានការទប់ស្កាត់បែបណា ឬក៏យើងត្រូវចូលរួមសហការបែបណាដើម្បីសហការបង្ក្រាបនូវបទល្មើសផ្សេងៗដែលបានកើតឡើង ពាក់ព័ន្ធទៅនឹងបទល្មើសហឹង្សាក្នុងគ្រួសារ ការកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និងកុមារ តាមប្រព័ន្ធអនឡាញក្តី ហើយក៏ដូចជាការជួញដូរមនុស្សគ្រប់ទម្រង់និងគ្រប់រូបភាព និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។

លោកស្រី អភិបាលរងខេត្តកណ្ដាល ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ក្មួយៗ សិស្សានុសិស្ស និងស្ថាប័នពាក់ព័ន្ធនានា ក៏ដូចជាបងប្អូនតំណាងម្ចាស់អាជីវកម្មនានា សូមចូលរួមសហការទាំងអស់គ្នាឲ្យបានយ៉ាងសកម្ម គ្រប់ទម្រង់គ្រប់រូបភាពដើម្បីនាំគ្នាជួយផ្សព្វផ្សាយ អប់រំ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងអំពើហិង្សាក្នុងគ្រួសារ ឲ្យមានប្រសិទ្ធភាពជាទីបំផុត និងសូមបន្តយកចិត្តទុកដាក់ចំពោះ បងប្អូនសាច់ញាតិ ដែលគាត់ធ្វើចំណាកស្រុកក្រៅប្រទេសក្ដី ក្នុងប្រទេសក្ដី ត្រូវមានទំនាក់ទំនងជាមួយគ្នា សួរសុខទុក្ខគ្នាទៅវិញទៅមក ដើម្បីទទួលបានព័ត៌មានពីពួកគាត់ ព្រោះថា ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ដែលមិនមានការគ្រប់គ្រងច្បាស់លាស់គឺជាមូលហេតុមួយដែលនាំឱ្យមានការជួញដូរមនុស្សទៅក្រៅប្រទេសផងដែរ ។

ក្នុងវេទិកាផ្សព្វផ្សាយនាពេលនោះ ក៏មានការអញ្ជើញចូលរួមពី អាជ្ញាធរស្រុក នាយប៉ុស្តិ៍រដ្ឋបាលឃុំ មេឃុំ មេភូមិ ក្មួយៗយុវជន កាកបាទក្រហម កាយរិទ្ធិ ស.ស.យ.ក សិស្សានុសិស្ស សមាជិកសមាគមនារី ប្រជាពលរដ្ឋ និងតំណាងម្ចាស់អាជីវកម្មនានា ស្ថិតនៅក្នុងបរិវេណវត្តទន្លេអុំ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





