ឯកឧត្ដម ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះត្រួតពិនិត្យមើលពីវឌ្ឍនៈភាពក្នុងមូលដ្ឋានខ្លួនដោយពង្រឹងបន្ថែមតាមអនុក្រឹត្យលេខ០៣
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ -- ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យអភិបាលខណ្ឌទាំង១៤ បន្តចុះតាមដានត្រួតពិនិត្យមើលពីវឌ្ឍនៈភាពក្នុងខណ្ឌរបស់ខ្លួនដោយពង្រឹងបន្ថែម និងការអញ្ជើញម្ចាស់ទីតាំងមកផ្សព្បផ្សាយអនុក្រឹត្យលេខ០៣ ហើយម្ចាស់បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំត្រូវរាយការណ៌សហការជាមួយអាជ្ញាធរ ទទួលខុសត្រូវអនុវត្តធ្វើយ៉ាងណារួមគ្នាសហការទប់ស្កាត់បទល្មើសផ្សេងៗ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ដោយការទទួលខុសត្រូវទាំងអស់គ្នា។

ឯកឧត្ដម ឃួង ស្រេង បានដាក់បទបញ្ជាបែបនេះ ខណៈដែលឯកឧត្ដមដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបទល្មើស Scam Online និងអនុវត្តអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦ នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានធ្វើការណែនាំដល់អភិបាលខណ្ឌទាំងអស់ឱ្យដាក់ផែនការដល់ក្រុមប្រឹក្សា ចៅសង្កាត់ មេភូមិ ក្រុម មេប៉ុស្តិ៍រដ្ឋបាល អធិការនគរបាលខណ្ឌមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌត្រូវតែចូលរួមសហការអនុវត្តការពង្រឹងការការរពារសន្តិសុខ សណ្ដាប់ ធ្នាប់ក្នុងមូលដ្ឋាន ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការស្រង់ស្ថិតិជនបរទេសមកស្នាក់នៅឱ្យបានត្រឹមត្រូវ។ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់ក្រុមការងារទាំងអស់ ទាំងកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានត្រូវប្រកាន់ខ្ជាប់ក្រុមសីលធម៌វិជ្ជាជីវៈក្នុងការចុះបំពេញការងារ ធ្វើយ៉ាងណាកុំប៉ះពាល់ទ្រព្យសម្បត្តិរបស់គេ ឬទៅទារលុយកាក់គេ ដើម្បីឈានទៅលុបបំបាត់បទល្មើស Scam Online នៅទូទាំងរាជធានីភ្នំពេញ៕
ដោយ៖ សួស សំរិត





