ខេត្តប៉ៃលិនប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា ឆ្នាំ២០២៦»
AKP ប៉ៃលិន ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦-- ខេត្តប៉ៃលិនប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និង និវត្តជនកម្ពុជា ១២ ខែឧសភា» ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យស័ក្តិសមទៅនឹងគុណបំណាច់ របស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះលោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ថា អតីតយុទ្ធជន និងនិវត្តជន មិនត្រូវបានមើលរំលងឡើយ ពោលគឺទទួលបានការយកចិត្តទុកដាក់ជាខ្លាំងពីប្រមុខថ្នាក់ដឹកនាំសម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការទំនុកបម្រុងលើជីវភាពរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ក៏ដូចជាបានផ្តល់នូវផ្ទះ និងដីសម្រាប់ធ្វើកសិកម្មជាដើម។ រាជរដ្ឋាភិបាល ជានិច្ចកាលតែងតែចាត់ទុកស្មារតីនៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាគំរូវីរភាពស្នេហាជាតិ ដ៏ឧត្តុង្គឧត្តម និងជាគុណបំណាច់ដ៏ធំធេង ដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ ហើយដើម្បីរំឭកអំពីវីរភាពនិងផ្តល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិនិងប្រជាជន រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក៏បានចេញអនុក្រឹត្យលេខ១៤៥ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ស្តីពីទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយកំណត់យកថ្ងៃទី១២ ខែឧសភា ជាទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា ការប្រារព្ធខួបទិវា «អតីតយុទ្ធជន និងនិវត្តជនកម្ពុជា» គឺក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ដោយធ្វើការផ្សព្វផ្សាយឱ្យប្រជាជនទូទាំងប្រទេស បានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំងបំផុសចលនាគាំទ្រអតីតយុទ្ធជន និងនិវត្តជន ក្នុងការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន និងនិវត្តជន ក្នុងសង្គមជាតិ និងជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសស្រទាប់យុវជន ដើម្បីប្រែក្លាយយុវជនឱ្យស័ក្តិសមជាសសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិ មោះមុតរឹងមាំ និងសេចក្តីថ្លៃថ្នូរ។


បើតាមរបាយការណ៍របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន បានឱ្យដឹងថា បច្ចុប្បន្ន អតីតយុទ្ធជននៅខេត្តប៉ៃលិន បានចូលជាសមាជិក អ.ន.ក. ខេត្តប៉ៃលិន សរុបចំនួន ១,៤៥១នាក់ ក្នុងនោះ ជនពិកាចំនួន ៧៨៥នាក់, និវត្តជនចំនួន ៤៩៥ នាក់, ជនបាត់បង់សមត្ថភាពការងារចំនួន ១៥ នាក់, គ្រួសារជនពលីចំនួន ១២៦ នាក់ និងគ្រួសារជនមរណៈចំនួន ៣០ នាក់៕

ដោយ វួច ពឿន





