សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញទំហំពាណិជ្ជកម្មរវាង កម្ពុជា និងវៀតណាម កើនឡើងដល់ ២០ពាន់លានដុល្លារ នៅពេលខាងមុខ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចង់ឃើញទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម កើនឡើងដល់ ២០ពាន់លានដុល្លារ នៅពេលខាងមុខ តាមអ្វីដែលប្រទេសទាំងពីរបានប្ដេជ្ញាជាមួយគ្នានោះ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពជា បានអនុញ្ញាតឱ្យ ឯកឧត្តម Trinh Van Quyet សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវក្ដីរីករាយ និងចាត់ទុកដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Trinh Van Quyet មកកាន់ប្រទេសកម្ពុជានាពេលនេះ គឺជាការចូលរួមចំណែកដល់ការរឹតចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែរឹងមាំ ទាំងក្នុងក្របខ័ណ្ឌរវាងគណបក្ស និងគណបក្ស ឱ្យកាន់តែរីកចម្រើនបន្តទៀត។ ឯកឧត្តម Trinh Van Quyet បានសម្ដែងនូវការអរគុណជាអនេកប្បការចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្ដម និងសហការីបានជួបសម្ដែងការគួរសម។ ឯកឧត្ដមបានលើកឡើងថា កម្ពុជា និងវៀតណាមមានទំនាក់ទំនងដ៏រឹងមាំ និងល្អជាមួយគ្នា នូវក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ទាំងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរមានភាពរីកចម្រើនជាបន្តបន្ទាប់។
ឯកឧត្តម Trinh Van Quyet ក៏បានលើកឡើងថា កន្លងមកប្រទេសទាំងពីរបានផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចទៅវិញទៅមកយ៉ាងច្រើន រវាងថ្នាក់ដឹកនាំនៃប្រទេសវៀតណាម និងថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា មានភាពផុលផុស ដែលបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ ហើយនៅក្នុងឆ្នាំ២០២៧ខាងមុខ គឺជាខួប៦០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដោយភាគីទាំពីរនឹងរៀបចំពិធីអបអសាទរនៃការរម្លឹកខួបរវាងកម្ពុជា និងវៀតណាម។ ឯកឧត្ដម ក៏បានគូសរំលេចដែរថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម នៅតាមព្រំដែន គឺជាកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលប្រទេសទាំងពីរបានធ្វើការជាមួយគ្នា ដោយរក្សាបាននូវសន្តិសុខ សន្តិភាពនៅតាមព្រំដែនយ៉ាងរឹងមាំរវាងកម្ពុជា និងវៀតណាម ហើយបន្តនូវកិច្ចសហប្រតិបត្តិការនេះបន្តទៀតឱ្យកាន់តែមានភាពស្ថិតស្ថេរ ជាពិសេសការផ្ដល់នូវផលប្រយោជន៍ទៅវិញទៅមក ដល់ប្រជាជននៅតាមព្រំដែនរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនោះ សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើរបស់ឯកឧត្តម Trinh Van Quyet ជាពិសេសទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការនៅតាមព្រំដែន ដោយសម្ដេចតេជោបានលើកឡើងថា កន្លងមកកម្ពុជាតែងតែជំរុញឱ្យអាជ្ញាធរនៅតាមបណ្ដាខេត្តជាប់ព្រំដែន ដោយធ្វើយ៉ាងណាបង្កើននូវកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងវៀតណាមនៅតាមព្រំដែនឱ្យមានភាពរឹងមាំ ជាពិសេសការទាញយកនូវផលប្រយោជន៍ក្នុងការបម្រើដល់វិស័យពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។ សម្ដេចតេជោ ក៏បានលើកឡើងដែរថា ទំនាក់ទំនងស្នូលរវាងកម្ពុជា និងវៀតណាម នៅតែមិនអាចកាត់ផ្ដាច់បានពីទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដោយសម្ដេចតេជោ ចង់ឃើញទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ឡើងងដល់ ២០ពាន់លានដុល្លារ នៅពេលខាងមុខ តាមអ្វីដែលប្រទេសទាំងពីរបានប្ដេជ្ញាជាមួយគ្នា។ សម្ដេចតេជោ ក៏បានរំលេចបន្ថែមថា ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការនានារវាងកម្ពុជា និងវៀតណាម ទាំងនៅក្នុងក្រខ័ណ្ឌរដ្ឋាភិបាល និងក្របខ័ណ្ឌគណបក្ស ជាពិសេសសម្ដេចតេជោបានសម្ដែងនូវការពេញចិត្ត ចំពោះការចែករំលែក និងការបណ្ដុះបណ្ដាលរវាងយុវជន និងយុវជន ដែលធ្វើឱ្យយុវជននៃប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធជាមួយគ្នាបន្តទៀត។
ជាមួយគ្នានេះ ឯកឧត្តម Trinh Van Quyet បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់សម្ដេចតេជោ ទាក់ទងទៅនឹងការពង្រីកនូវទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងវៀតណាម ដោយឯកឧត្ដមបាលើកឡើងថា កម្ពុជា និងវៀតណាម ប្រាកដជាអាចធ្វើទៅបាន នៅក្នុងការសម្រេចទិសដៅនូវទំហំពាណិជ្ជកម្ម ២០ពាន់លានដុល្លារ នៅពេលខាងមុខ៕
ដោយ៖ ជឹម ណារី





