កម្ពុជា-អឺរ៉ុប៖ ភាពជាដៃគូលើជំនួញ ជំនួយអភិវឌ្ឍន៍ និងអភិបាលកិច្ច
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានចូលរួម ទិវាអឺរ៉ុប លើកទី៧៦ ដែលជាខួបអនុស្សាវរីយ៍នៃសេចក្តីថ្លែងការណ៍ Schuman តាមការអញ្ជើញរបស់ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។

ក្នុងបរិយាកាសជាមិត្តភាព ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានជួបពិភាក្សាជាមួយបណ្តាឯកអគ្គរដ្ឋទូត និងតំណាងស្ថាប័នអន្តរជាតិនានាអំពីកិច្ចសហប្រតិបត្តិការផ្នែកជំនួញ ជំនួយសម្រាប់អភិវឌ្ឍន៍ អប់រំ និងអភិបាលកិច្ច ព្រមទាំងការអភិរក្សប្រាសាទព្រះវិហារជាមរតកពិភពលោក ដែលឯកឧត្តមបណ្ឌិត និងឯកអគ្គរដ្ឋទូតអឺរ៉ុបបានធ្វើទស្សនកិច្ចរួមគ្នាកាលពីថ្មីៗនេះ។

ការពិភាក្សាក៏បានលើកឡើងពីឱកាសសហប្រតិបត្តិការក្នុងវិស័យកែច្នៃផលិតផលកសិកម្ម និងចំណីអាហារដែលនៅពេលនេះកំពុងស្ថិតក្នុងដំណាក់កាលដែលផលិតផលក្នុងស្រុកទទួលបានការគាំទ្រកើនឡើងគួរឱ្យកត់សម្គាល់។ កម្ពុជា និងសហគមនអឺរ៉ុប មានស្មារតី និងគុណតម្លៃរួមគ្នាគឺ សន្តិភាព សាមគ្គីភាព និងភាពជាដៃគូ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





