អង្គការ MCC ធ្វើការសិក្សាស្រាវជ្រាវសាកល្បងដំបូងបង្អស់របស់អយស្ទ័រ នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦-- អង្គការ MCC ទើបតែបានបញ្ចប់ការប្រមូលទិន្នន័យប្រចាំខែជាលើកដំបូង ក្រោយពេលទម្លាក់រចនាសម្ព័ន្ធសម្រាប់ទាក់ទាញកូនអយស្ទ័រមកតោងភ្ជាប់។ តើអ្វីទៅជា Oyster Spat? ក្នុងដំណាក់កាលដំបូងនៃការបង្កកំណើត កូនអយស្ទ័រមានរូបរាងជាដង្កូវតូចៗ ដែលរសាត់អណ្តែតក្នុងទឹក (Free-swimming larval stage)។នេះបើតាមការឱ្យដឹងពីអង្គការ MCC នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

កញ្ញា តៃ ឈេន ដែលជាប្រធានគម្រោង បានចុះទៅពិនិត្យប្រព័ន្ធសាកល្បងក្រោមទឹក និងបានស្រង់យកបន្ទះថ្មម៉ាបស្ងួតគ្រើម ដែលបានដាក់នោះ មកពិនិត្យតាមរយៈការប្រើប្រាស់មីក្រូទស្សន៍ ដើម្បីរាប់ចំនួនកូនអយស្ទ័រដែលបានមកតោងនៅលើបន្ទះម៉ាបនីមួយៗនោះ។ នៅពេលដែលកូនអយស្ទ័រទាំងនោះរកបានផ្ទៃរឹងដែលសមស្របដូចជា ថ្ម សំបកអយស្ទ័រ ឬវត្ថុរឹងផ្សេងៗ វានឹងតោងភ្ជាប់ខ្លួនរបស់វានៅនឹងមួយកន្លែង ហើយចាប់ផ្តើមលូតលាស់នៅទីតាំងដែលបានតោងជាប់នោះជារៀងរហូត ហើយនេះជាអ្វីដែលយើងហៅថា Oyster Spat។ ការមានវត្តមានកូនអយស្ទ័រ មកតោងតាមបែបធម្មជាតិនេះ គឺជាជំហានដំបូងដែលអាចឈានទៅរកការបង្កើនចំនួន អយស្ទ័រ ឱ្យកាន់តែសម្បូរបែបឡើង។នៅពេលដែលពួកវាធំធាត់ និងប្រមូលផ្តុំគ្នាពីមួយជំនាន់ទៅមួយជំនាន់ ពួកវានឹងបង្កើតបានជា "ផ្ទាំងថ្មប៉ប្រះទឹកអយស្ទ័រ" ដ៏ក្រាស់ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ ការសិក្សានេះកំពុងជួយអង្គការ MCC យើងក្នុងការកំណត់រកទីតាំងល្អបំផុត សម្រាប់ការស្តារអយស្ទ័រឡើងវិញ ដែលវានឹងជួយទ្រទ្រង់ទាំងជីវចម្រុះសមុទ្រ និងពង្រឹងភាពធន់របស់សហគមន៍ ទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។

នេះគឺជាកិច្ចសហការរវាងអង្គការអភិរក្សសមុទ្រកម្ពុជា MCC និងអង្គការសត្វព្រៃ និងរុក្ខជាតិ Fauna & Flora ក្រោមគម្រោង CamAdapt។ គម្រោងនេះត្រូវបានអនុវត្តដោយនាយកដ្ឋានអភិវឌ្ឍវារីវប្បកម្មនៃអគ្គនាយកដ្ឋានជលផល និងគាំទ្រថវិកាពីមូលនិធិបរិស្ថានសកល (GEF) តាមរយៈអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ (FAO)៕
ដោយ ណយ នឿន (ប្រភព៖ MCC)





