សហគមន៍ខ្មែរនៅតំបន់សុងណាមប្រទេសកូរ៉េរៀបចំបង្ហាញពិធីអាពាហ៍ពិពាហ៍តាមលក្ខណៈប្រពៃណីខ្មែរ និងរបាំប្រពៃណីខ្មែរផ្សេងៗ
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦---
បងប្អូនសហគមន៍ខ្មែរនៅតំបន់សុងណាមក៏បានរៀបចំបង្ហាញពិធីអាពាហ៍ពិពាហ៍តាមលក្ខណៈប្រពៃណីខ្មែរ របាំគោះត្រឡោក និងស្តង់ម្ហូបខ្មែរ ដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ ឱ្យប្រជាជនកូរ៉េនិងភ្ញៀងអន្តរជាតិបានទស្សនាផងដែរ។
ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជ ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី បានអញ្ជើញចូលរួមកម្មវិធីបុណ្យសាមគ្គីសកលលើកទី ១៥ កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៦នៅសាលាក្រុងសុងណាម ក្នុងខេត្តខ្យង់គីដូ ប្រទេសកូរ៉េ និងមានការចូលរួមពីឯកអគ្គរដ្ឋទូតហ្វីលីពីន តំណាងស្ថានទូតប្រទេសវៀតណាម អភិបាលក្រុងសុងណាម ប្រធានមជ្ឈមណ្ឌលពហុវប្បធម៌តំបន់សុងណាម បងប្អូនស្ត្រីរៀបការគ្រួសារកូរ៉េ និងពលករបរទេសសរុបប្រមាណ ៤០០០ នាក់។


នៅក្នុងកម្មវិធីនេះ បងប្អូនសហគមន៍ខ្មែរនៅតំបន់សុងណាមក៏បានរៀបចំបង្ហាញពិធីអាពាហ៍ពិពាហ៍តាមលក្ខណៈប្រពៃណីខ្មែរ របាំគោះត្រឡោក និងស្តង់ម្ហូបខ្មែរ ដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ ឱ្យប្រជាជនកូរ៉េ និងភ្ញៀវអន្តរជាតិផ្សេងទៀតបានទស្សនា និងបានភ្លក់មុខម្ហូប និងបង្អែមខ្មែរផងដែរ។


ឯកឧត្តមឯអគ្គរាជទូតបានថ្លែងអំណ រគុណចំពោះលោកអភិបាលក្រុងសុងណាម និងសហការីសាលាក្រុងសុងណាម និងលោកស្រី Song Munyeong ប្រធានមជ្ឈមណ្ឌលពហុវប្បធម៌ដែលបានសហការរៀបចំកម្មវិធីនេះឡើង និងតែងតែយកចិត្តទុកដាក់ដល់សុខមាលភាពរបស់ប្រជាជនកម្ពុជាក្នុងតំបន់សុងណាមនេះ។


ឯកឧត្តមបានមានប្រសាសន៍ថា ពិធីបុណ្យសាមគ្គីសាកលនេះបានបង្ហាញអំពីការតភ្ជាប់រវាងវប្បធម៌នៃប្រទេសក្នុងសកល ការរួបរួម និងសារៈសំខាន់នៃសាមគ្គីភាពរវាងប្រទេស និងប្រទេសក្នុងសកលលោក៕

ដោយ៖ ប៊ុនរិទ្ធ





