មន្រ្តីជាន់ខ្ពស់ក្រសួងការងារ ពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន CFIPEC Cambodia និង IPEC ម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សស្រប តាមស្តង់ដាអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦---
នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម សេង សក្ដា រដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកឧកញ៉ាបណ្ឌិត ឆាយ សុធា អគ្គនាយក CFIPEC Cambodia និងលោកស្រីបណ្ឌិត Juliana Lim ស្ថាបនិក IPEC ម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការទទួលស្គាល់ជំនាញកម្រិតថ្នាក់ជាតិ និងអន្តរជាតិ តាមរយៈផ្តល់វិញ្ញាបនបត្រកម្រិតអន្តរជាតិ IPEC។

នាឱកាសនោះ លោកឧកញ៉ាបណ្ឌិត ឆាយ សុធា អគ្គនាយក CFIPEC Cambodia និងលោកស្រីបណ្ឌិត Juliana Lim ស្ថាបនិក IPEC ម៉ាឡេស៊ី បានជម្រាបជូនអំពីបេសកកម្មរបស់ខ្លួនក្នុងការនាំយកស្តង់ដា ISO/IEC 17024 មកអនុវត្តនៅកម្ពុជា ដើម្បីបញ្ជាក់ពីសមត្ថភាពបុគ្គល និងលើក កម្ពស់គុណភាពធនធានមនុស្សឱ្យមានភាពជឿជាក់ និងអាចទទួលស្គាល់បានទាំងក្នុងទីផ្សារការងារជាតិ និងអន្តរជា តិ។


ជាមួយនឹងការគាំទ្រដល់ការអភិវឌ្ឍកម្លាំងពលកម្ម ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការលើកកម្ពស់ស្តង់ដាអន្តរជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ភាគីក្រុមហ៊ុនក៏បានធ្វើបទបង្ហាញយ៉ាងលម្អិតអំពីសាវតា រចនាសម្ព័ន្ធ តួនាទី ទសន្សវិស័យ បេសកកម្ម កម្មវិធី និងសេវាកម្មក្នុងការវាយតម្លៃសមត្ថភាពនិងផ្តល់វិញ្ញាបនបត្ររបស់ CFIPEC ដើម្បីក្លាយជាវេទិកាឈានមុខគេរបស់កម្ពុជាសម្រាប់វិញ្ញាបនបត្របញ្ជាក់សមត្ថភាព នវានុវត្តន៍កម្លាំងពលកម្ម និងឧត្តមភាពវិជ្ជាជីវៈដែលមានការទទួលស្គាល់ជាអន្តរជាតិ។
បន្ថែមពីនេះ អ្នកតំណាង CFIPEC ក៏បានបង្ហាញអំពីគោលបំណងក្នុងការសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលើបរិវត្តកម្មកម្លាំងពលកម្មក្នុងប្រទេសកម្ពុជា តាមរយៈការពង្រឹងជំនាញ (Upskilling) ការរៀនជំនាញថ្មី (Reskilling) និងការបន្ថែមជំនាញថ្មីស្របជាមួយជំនាញចាស់ (Cross-skilling) ផងដែរ។


ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះតំណាងក្រុមហ៊ុន និងសហការី ដោយឯកឧត្តមបានបង្ហាញពីចំណាប់អារម្មណ៍គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះគោល បំណងរបស់ក្រុមហ៊ុនក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសលើការផ្ទេរចំណេះដឹងដល់យុវជន ក៏ដូច ជាពលករកម្ពុជា ស្របតាមស្តង់ដាអន្តរ ជាតិ តាមរយៈការពង្រឹងជំនាញ ការរៀនជំនាញថ្មី និងការបន្ថែមជំនាញថ្មីស្របជាមួយជំនាញចាស់។

មន្រ្តីជំនាញនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុននឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ដោយសង្ឃឹមថានឹងសម្រេចបាននូវការបង្កើតកិច្ចសហការមួយប្រកបដោយផ្លែផ្កានាពេលឆាប់ៗខាងមុខនេះ៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





