ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្តបើកវគ្គបណ្តុះបណ្តាលស្ដីពី «វិធាននិងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈ» ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រងថវិកាជាតិនៅរាជធានី-ខេត្ត
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦--ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី «វិធាននិងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈ» ជូនសិក្ខាកាមគោលដៅជា អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ និងសមាជិកក្រុមលទ្ធកម្ម នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត សរុបប្រមាណ ១០០នាក់ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង។
ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយថាមពល វៃឈ្លាស និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្ដោតលើការធានាប្រសិទ្ធភាពសមិទ្ធកម្ម និងប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងផ្ដល់អាទិភាពលើ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានដាក់ឱ្យអនុវត្តដំបូងនៅឆ្នាំ ២០០៤, បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលទី ៤ ជាដំណាក់កាលចុងក្រោយ ក្នុងគោលដៅគឺ «គណនេយ្យភាពសមិទ្ធកម្ម» ដែលសិទ្ធិអំណាច ភាពជាម្ចាស់ និងការទទួលខុសត្រូវកាន់តែច្រើនឡើង ត្រូវបានផ្ទេរទៅដល់ក្រសួងស្ថាប័ន និងមន្ទីរអង្គភាពជំនាញក្រោមឱវាទ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំ និងការអនុវត្តអង្គភាពថវិកា និងថវិកាព័ត៌មានសមិទ្ធកម្ម ជាមួយនឹងការដាក់ឱ្យអនុវត្តនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាឆ្អឹងខ្នងនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ទន្ទឹមនេះ ក្រោមឆ័ត្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ ២០១៩-២០២៥ ត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តក្នុងឆ្នាំ ២០១៩ និងត្រូវបានធ្វើបច្ចុប្បន្នភាពមកជា យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ ២០២៥-២០២៨ ក្នុងគោលបំណងប្រែក្លាយប្រព័ន្ធលទ្ធកម្មសាធារណៈរបស់កម្ពុជាទៅជា «ប្រព័ន្ធមួយដែលកាន់តែជឿទុកចិត្ត ប្រសិទ្ធភាព ប្រកួតប្រជែង និងសន្សំសំចៃ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ» សំដៅរួមចំណែកឆ្ពោះទៅសម្រេចគោលដៅនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានរំលេចជូនអង្គពិធីថា ផ្អែកតាមបទពិសោធន៍ ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈនៅមានបញ្ហាប្រឈមមួយចំនួនដូចជា៖
• ការបកស្រាយ និងការអនុវត្តរបស់ស្ថាប័នអនុវត្តលទ្ធកម្មមួយចំនួននៅឃ្លាតពីក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
• ការពន្យារពេលអនុវត្តកិច្ចលទ្ធកម្មរបស់ស្ថាប័នអនុវត្តលទ្ធកម្មមួយចំនួននៅបន្តកើតមាន។
• ការផ្លាស់ប្តូរមន្ត្រីលទ្ធកម្មកើតមានញឹកញាប់នៅតាមស្ថាប័នអនុវត្តលទ្ធកម្ម។
• ចំណេះដឹង និងសមត្ថភាពជំនាញរបស់មន្ត្រីលទ្ធកម្មនៅមានកម្រិត។
• ការតាមដាន និងវាយតម្លៃលើសមត្ថភាពជំនាញរបស់មន្ត្រីលទ្ធកម្មមិនទៀងទាត់។
• ការគ្រប់គ្រងការអនុវត្តកិច្ចសន្យានៅមានកម្រិត និងចំណេះដឹងក្នុងការប្រើ FMIS មិនទាន់គ្រប់គ្រាន់។
ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំនិងដាក់អនុវត្តបន្ថែមជាបន្តបន្ទាប់ នូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចលទ្ធកម្មសាធារណៈ។

ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ដែរថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងតែយកចិត្តទុកដាក់ជានិច្ចលើការកសាង និងការអភិវឌ្ឍសមត្ថភាពលើជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រកសាង និងអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ដើម្បីតម្រង់ទិសការរៀបចំ និងការអនុវត្តកម្មវិធីបណ្ដុះបណ្ដាល និងវិក្រឹតការជូនដល់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងស្ថាប័ន និងអង្គភាពជំនាញក្រោមឱវាទ អង្គភាពសាធារណៈប្រហាក់ប្រហែល គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមស្មារតីច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ឆ្នាំ ២០២៣ និងអនុក្រឹត្យស្តីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៤។ តាមរយៈនេះ វគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី វិធាននិងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈនាពេលនេះ ពិតជាមានសារៈសំខាន់ និងឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត សម្រាប់ធានាផលិតភាព ប្រសិទ្ធភាព និងតម្លាភាពនៃការអនុវត្តការងារប្រចាំថ្ងៃ និងការគ្រប់គ្រងថវិកាជាតិ សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ៕
ដោយ៖ ទូច វលក័្ខណ (ប្រភព៖ក្រសួងសេដ្ឋកិច្ច)





