ក្រសួងកសិកម្ម និង សហព័ន្ធស្រូវអង្ករកម្ពុជា ពិភាក្សាយន្តការតភ្ជាប់ខ្សែច្រវាក់តម្លៃ
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៦–រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានដឹកនាំកិច្ចប្រជុំជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ព្រមទាំងថ្នាក់ដឹកនាំក្រសួង តំណាងសហគមន៍កសិកម្មទំនើប និងតំណាងធនាគារARDB ដើម្បីពិភាក្សាការគាំទ្រការអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល។
ក្រសួងកសិកម្មបានឱ្យដឹងនៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ ២០២៦ថាកិច្ចពិភាក្សា បានផ្តោតលើការជំរុញការតភ្ជាប់ខ្សែច្រវាក់តម្លៃកសិកម្មរវាងសហគមន៍កសិកម្មទំនើប អ្នកទិញ និងគ្រប់តួអង្គពាក់ព័ន្ធ តាមរយៈយន្តការសម្របសម្រួលដូចជា ការគាំទ្រផ្នែកហិរញ្ញវត្ថុ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធានាគុណភាព និងការរៀបចំផលិតកម្មតាមកិច្ចសន្យាដើម្បីធានាទំនុកចិត្តនិងស្ថិរភាពតម្លៃ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងដែរថាក្នុងបរិបទវិបត្តិសកលនាពេលបច្ចុប្បន្ន ការតភ្ជាប់ខ្សែច្រវាក់តម្លៃជាកញ្ចប់បែបនេះ គឺផ្ដល់ភាពច្បាស់លាស់និងប្រាកដប្រជាសម្រាប់ការផលិតរបស់ប្រជាកសិករ និងការកែច្នៃរបស់វិស័យឯកជន សំដៅលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច និងសន្តិសុខស្បៀង៕


ដោយ៖មករា





