អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា រួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននិងប្រើ App NoDrug ក្នុងសាលារៀន និងសហគមន៍
AKP ត្បូងឃ្មុំ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦--អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា រួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិច និងប្រើ App NoDrug ក្នុងសាលារៀន និងសហគមន៍ តាមរយៈសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់ដល់សុខភាពបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បារីអេឡិចត្រូនិច មេរោគអេដស៍ ជំងឺអេដស៍ និងការប្រឆាំងផលិតផលក្លែងក្លាយនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ សិក្ខាសាលានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅខេត្ដត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីនៃអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន២៥០នាក់ ស្រី១៤៦ នាក់ ដើម្បីក្លាយខ្លួនជាជនបង្គោលក្នុងដំណើររួមគ្នាអភិវឌ្ឍន៍មូលធនមនុស្សឱ្យមានប្រសិទ្ធភាព។

លោកជំទាវ នី ចាន់ធីតា អភិបាលរង តំណាងអភិបាលខេត្តត្បូងឃ្មុំបានមានប្រសាសន៍ដោយបានលើកឡើងនូវសភាពការណ៍ទូទៅពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការងារបង្ក្រាបករណីបារីអេឡិចត្រូនិច Vape ។ល។ សំដៅរក្សាឱ្យបាននូវសុវត្ថិភាពប្រជាពលរដ្ឋពិសេសយុវជន យុវនារី នៅក្នុងខេត្ដ។

ក្នុងឱកាសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានពាំនាំនូវប្រសាសន៍ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងអំណរគុណកោតសរសើរ ចំពោះកិច្ចសហការប្រកបដោយស្មារតីទទួលខុសត្រវរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្ដម ឧត្តមសេនីយ៍ឯកបានលើកឡើងថា បញ្ហាគ្រឿងញៀនគឺជាបញ្ហារួមរបស់យើងទាំងអស់គ្នាដែលតម្រូវឱ្យមានការចូលរួមពីគ្រប់សមាសភាព បង្ការទប់ស្កាត់កុំឱ្យរីករាលដាលក្នុងសហគមន៍ ដែលក្នុងនោះយុវជនគឺជាកម្លាំងស្នូលជួយទៅដល់ការងារផ្សព្វផ្សាយ អប់រំ ផ្តល់ព័ត៌មានពិតដល់ក្រុមគ្រួសារក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងសហគមន៍ មិនទៅពាក់ព័ន្ធនឹងគ្រឿងញៀនដែលនាំទុក្ខដល់ខ្លួនឯង នាំចម្បែងដល់ក្រុមគ្រួសារ និងនាំបញ្ហាដល់សហគមន៍។

ឯកឧត្ដម ឧត្តមសេនីយ៍ឯកក៏បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ត្រូវជួយផ្សព្វផ្សាយ និងប្រើប្រាស់App NoDrug: https://nodrugsnacd.com/download_kh ដើម្បីចំណេះដឹង ព័ត៌មាន កម្សាន្ត អប់រំ ព្យាបាល រាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍។
ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត មហាបរិញ្ញា ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានថ្លែងថា សុខភាពគឺជីវិតហើយការអប់រំគឺការអភិវឌ្ឍ ហើយមានកំណត់ក្នុងផែនការយុទ្ធសាស្រ្តជាតិស្តីពីសុខភាពសិក្សា រួមគ្នាបង្ការទប់ស្កាត់អេដស៍ និងចូលរួមដោះស្រាយបានរាល់បញ្ហាផ្សេងៗពិសេសការគាំពាសុខភាពនិងអនាគតរបស់កុមារ/យុវជនរបស់យើង ដែលជាទំពាំងស្នងឬស្សី។

ឯកឧត្តមសាស្ត្រាចារ្យ វេជ្ជបណ្ឌិតបានអំពាវនាវដល់អ្នកចូលរួមទាំងអស់ឱ្យខិតខំបង្កើនការងារផ្សព្វផ្សាយអប់រំដែលជាការងារអាទិភាពគ្រប់បញ្ហាដើម្បីផ្ដល់ចំណេះដឹងនិងបំផុសការចូលរួមពីប្រជាពលរដ្ឋបន្ថែមទៀត ឆ្ពោះទៅជោគជ័យរួមគ្នាគឺកសាងបានសង្គមមួយដែលមានការរីកចម្រើន អភិវឌ្ឍន៍លើគ្រប់វិស័យ ដោយគ្មានការញាំញីពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិក គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាសង្គមនានា និងជំរុញការទាញយកប្រើប្រាស់ App NoDrug សំដៅចូលរួមទាំងអស់គ្នា៕



ដោយ៖ រិទ្ធី, ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





