ខេត្តកំពង់ចាមប្រារព្ធខួបទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦--រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០២៦ នេះបានបានរៀបចំ ប្រារព្ធខួបទី ១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា២០២៦ ក្រោមមូលបទ « បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ » ក្រោមអធិបតីភាពរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមបានលើកឡើងថា ក្នុងបេសកកម្មជាជំនួយការឲ្យអាជ្ញាធរសាធារណៈ សាខា អនុសាខា បានបន្តចូលរួម ដោះស្រាយបញ្ហាលំបាក របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែង គ្រប់ស្ថានភាពមិនទុកនរណាម្នាក់ចោល មិនមានការរើសអើង ស្របតាមគោលការ ណ៍គ្រឹះទាំង ៧ របស់ចលនា និងអាទិភាពទាំង ៤ ក្នុងការឆ្លើយតបភ្លាមៗ ទៅនឹងតម្រូវការជាក់ស្តែង នៅតាមសហគមន៍រងគ្រោះ និង ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនិងជោគជ័យមួយឆ្នាំកន្លងទៅ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ដោយ ដោះ ស្រាយរាលើបញ្ហាលំបាក របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែង គ្រប់ស្ថានភាពមិនទុកនរណាម្នាក់ចោល មិនមានការរើសអើងឡើយ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលចូលរួមដោយស្ម័គ្រចិត្ត បរិច្ចាគធនធានថវិកាផ្ទាល់ខ្លួនជួយគាំទ្រដល់ សកម្មភាពមនុស្សធម៍ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក្នុងការបម្រើសកម្មភាពមនុស្សធម៌ លើកកម្ពស់កេស្យានុភាពជាតិ និងឆាតអន្តរជាតិ ៕




ដោយ៖ ឆាយម៉ុត





