សម្ដេចតេជោប្រមុខរដ្ឋស្ដីទី រម្លឹកដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពូជាបានថ្លែងថា ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី សម្ដេចសូមរម្លឹកដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ និងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២ តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ។
នៅលើបណ្ដាញទំនាក់ទំនងសង្គម នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្ដេចតេជោបានសរសេរថា កាលពីថ្ងៃម្សិលមិញ ១១ ខែឧសភា ឆ្នាំ២០២៦ មានការចុះផ្សាយដោយសារព័ត៌មានថៃថា លោករដ្ឋមន្ត្រីការបរទេសថៃបាននិយាយថា (ក្រោមអនុសញ្ញាច្បាប់សមុទ្រ បន្ទាប់ពីលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ត្រូវតែដំណើរការក្នុងក្របខ័ណ្ឌនៃអនុសញ្ញាដែលមានច្រើនដំណាក់កាល ហើយវិធីសាស្ត្រចម្បង គួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិន)។

សម្ដេចតេជោគូសបញ្ជាក់ថា ប្រសិនបើការចុះផ្សាយនេះជាសម្តីពិតរបស់លោករដ្ឋមន្ត្រីការបរទេសថៃ មែននោះ ពាក្យថា (វិធីសាស្ត្រចម្បង គួរតែការចរចារវាងភាគីទាំងពីរជាមុនសិន) ពាក្យនេះវាផ្ទុយស្រឡះជាមួយសកម្មភាពរបស់ភាគីថៃ ដែលបានលុបចោល MOU2001 ដោយឯកតោភាគី ដែលបានលុបចោលក្របខ័ណ្ឌនៃការចរចាទ្វេភាគីរួចស្រេចទៅហើយសម្រាប់ដែនសមុទ្រត្រួតស៊ីគ្នា។ សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា៖ «ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី ខ្ញុំសូមរម្លឹកដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ និងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២ តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃ នោះឡើយ»។

ជាមួយគ្នានេះ សម្ដេចតេជោបានលើកទៀតឡើងថា៖ «កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំបានរម្លឹកម្តងរួចហើយថា កុំបង្កើតយន្តការទ្វេភាគីថ្មីជំនួសឱ្យយន្តការទ្វេភាគីចាស់ដែលថៃ លុបចោល។ យើងសោកស្តាយដែលថៃ លុប MOU 2001 ចោល តែយើងក៏អរគុណថៃ ដែលបានជួយយើងឱ្យប្រើប្រាស់យន្តការអន្តរជាតិជំនួសវិញ»៕
ដោយ៖ ជឹម ណារី





