សាធារណរដ្ឋអាស៊ែបៃហ្សង់ សម្លឹងមើលការពង្រីកទំនាក់ទំនងទៅលើវិស័យកសិកម្ម ទេសចរណ៍ និងពាណិជ្ជកម្មជាមួយកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម Elchin Amirbayov តំណាងប្រធានាធិបតីទទួលបន្ទុកកិច្ចការពិសេសនៃ សាធារណរដ្ឋអាស៊ែបៃហ្សង់ មានប្រសាសន៍ថា ឯកឧត្តមក៏សម្លឹងមើលនៃការពង្រីកទំនាក់ទំនងទៅលើវិស័យកសិកម្ម ទេសចរណ៍ដែលបម្រើដល់ក្របខ័ណ្ឌនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអាស៊ែបៃហ្សង់។ នេះបើតាមការឱ្យដឹងរបស់ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Elchin Amirbayov តំណាងប្រធានាធិបតីទទួលបន្ទុកកិច្ចការពិសេសនៃ សាធារណរដ្ឋអាស៊ែបៃហ្សង់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម និងសហការីដែលបានមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមតំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ នៅពេលនេះ ជាការរួមចំណែកដោយការពង្រឹងនូវទំនាក់ទំនងរវាងកម្ពុជា និងអាស៊ែបៃហ្សង់ ឱ្យកាន់តែរឹងមាំបន្តទៀត។
ជាមួយគ្នានេះ ឯកឧត្តម Elchin Amirbayov បានសម្ដែងនូវការអរគុណ ចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនាឱកាសនេះ។ ឯកឧត្តមបានកោតសរសើរអំពីការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា ប្រទេសកម្ពុជាពិតជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់ទៀតថា ទំនាក់ទំនងរវាងកម្ពុជា និងអាស៊ែបៃហ្សង់ មានភាពរីកចម្រើន និងមានភាពល្អប្រសើរ។ បន្ថែមពីនេះ ឯកឧត្តមក៏បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនូវមានសក្តានុពលជាច្រើនទៀត ដែលប្រទេសទាំងពីរអាចធ្វើទៅជាមួយគ្នាបាន។

ឯកឧត្តមតំណាងប្រធានាធិបតីទទួលបន្ទុកកិច្ចការពិសេសនៃ សាធារណរដ្ឋអាស៊ែបៃហ្សង់ក៏បានសង្កត់ធ្ងន់ទៅលើកិច្ចសន្ទនានយោបាយដែលប្រទេសទាំងពីរមានជាមួយគ្នា ដែលជាផ្នែកធ្វើឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំបន្ថែមទៀត។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយចំពោះការលើកឡើងរបស់ឯកឧត្តមតំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកនូវទំនាក់ទំនងនៅក្នុងក្របខ័ណ្ឌ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគនេះ ដោយសម្ដេចតេជោ ចង់ឃើញនូវទំនាក់ទំនងរវាងប្រទេសនីមួយៗជាពិសេស រវាងកម្ពុជា និងអាស៊ែបៃហ្សង់ រីកចម្រើនទៅជាមួយគ្នា ហើយពង្រីកនូវទំនាក់ទំនងពាណិជ្ជកម្មសេដ្ឋកិច្ច និងការវិនិយោគឱ្យកាន់តែរីកចម្រើន។

សម្ដេចតេជោសង្កត់ធ្ងន់ថា អាស៊ែបៃហ្សង់ជាប្រទេសដែលសម្បូរសន្តិសុខថាមពល ឯកម្ពុជាគឺជាប្រទេសដែលមានសន្តិសុខស្បៀង ដែលយើងអាចមានលទ្ធភាពក្នុងការផលិតស្បៀងបានច្រើន។ សម្ដេចតេជោបានបន្ថែមថា ដូច្នេះ ប្រទេសទាំងពីរអាចពង្រីកទំនាក់ទំនងគ្នាបន្ថែមនៅក្នុងក្របខ័ណ្ឌនៃការបំពេញឱ្យគ្នា ទៅវិញទៅមក គឺកម្ពុជាបំពេញស្បៀងដល់អាស៊ែបៃហ្សង់ រីឯអាស៊ែបៃហ្សង់អាចបំពេញនូវសន្តិសុខថាមពលដល់កម្ពុជា ដែលនេះ គឺជាការបំពេញឱ្យគ្នាទៅវិញទៅមកផ្នែកពាណិជ្ជកម្ម៕
ដោយ ជឹម ណារី





