អាស៊ានឈានទៅជំរុញយន្តការចែករំលែកប្រេងឥន្ធនៈក្នុងតំបន់ និងការតភ្ជាប់បណ្តាញអគ្គិសនី
AKP ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ -- ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីនែនដ៍ ម៉ាកូសជូនៀរ (Ferdinand Marcos Jr.) បានប្រកាសថា រដ្ឋជាសមាជិកបានយល់ព្រមពន្លឿនការចែករំលែកថាមពលក្នុងតំបន់ និងការតភ្ជាប់ឆ្លងកាត់ព្រំដែន។ ការអនុវត្តនេះ គឺជាការឆ្លើយតបដោយផ្ទាល់ចំពោះការរំខានដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈជាសកល ដែលបណ្តាលមកពីជម្លោះអន្តរជាតិ។មេដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា ការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានស្ថេរភាព និងអាចទុកចិត្តបានឥឡូវនេះ គឺជាអាទិភាពចម្បងមួយដើម្បីធានាសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់ផ្នែកសេដ្ឋកិច្ច។
លទ្ធផលសំខាន់មួយនៃកិច្ចប្រជុំកំពូល គឺការជំរុញឱ្យពន្លឿនការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសន្តិសុខប្រេងកាត(APSA)។ យន្តការនេះបង្កើតប្រព័ន្ធជំនួយទៅវិញទៅមក ដែលរដ្ឋជាសមាជិកអាចជួយប្រទេសជិតខាង ដែលប្រឈមមុខនឹងកង្វះខាតប្រេងឥន្ធនៈ។ក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសនានាអាចផ្តល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់អ្នកដែលខ្វះខាត ដោយគ្របដណ្តប់យ៉ាងហោចណាស់ ១០% នៃតម្រូវការប្រេងឥន្ធនៈក្នុងស្រុករបស់ពួកគេក្នុងអំឡុងពេលមានវិបត្តិ។
ក្រៅពីសន្តិសុខប្រេង ប្លុកនេះកំពុងផ្តល់អាទិភាពដល់បណ្តាញអគ្គិសនីអាស៊ាន ដើម្បីភ្ជាប់បណ្តាញអគ្គិសនីនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ គំនិតផ្តួចផ្តើមនេះត្រូវបានរចនាឡើងដើម្បីសម្រួលដល់ការជួញដូរអគ្គិសនីឆ្លងកាត់ព្រំដែន និងកែលម្អការរួមបញ្ចូលប្រភពថាមពលកកើតឡើងវិញ។ តាមរយៈការតភ្ជាប់បណ្តាញទាំងនេះ អាស៊ានមានគោលបំណងកាត់បន្ថយថ្លៃដើមថាមពលសម្រាប់អ្នកប្រើប្រាស់ ខណៈដែលពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅរកបច្ចេកវិទ្យាថាមពលប្រកបដោយចីរភាព និងជំនួស៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





