ប្រទះឃើញគ្រួសារសត្វផ្សោតឃ្លាច នៅសហគមន៍នេសាទព្រែកត្នោត ខេត្តកំពត
AKP ភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ -- នេះជារូបភាពពីដ្រូន (Drone)ដែលបានផ្តិតយកទិដ្ឋភាពដ៏កម្រ និងគួរឱ្យស្រឡាញ់ពីសត្វផ្សោតឃ្លាច (Indo-Pacific Humpback Dolphins) ដែលគេមិនសូវបានឃើញ នៅក្នុងផ្ទៃទឹកនៃសហគមន៍នេសាទព្រែកត្នោត ខេត្តកំពត។

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ ក្រសួងកសិកម្មបានបង្ហាញពីសត្វផ្សោតឃ្លាច មួយគូកំពុងហែលក្បែរគ្នា និងយកចំពុះមកប៉ះគ្នាថ្នមៗ ដើម្បីបង្ហាញពីក្តីស្រឡាញ់ និងភាពស្និទ្ធស្នាល។ក្រៅពីនេះក៏មានកូនផ្សោតជំទង់មួយក្បាល កំពុងហែលក្រឡឹងជុំវិញឪពុកម្តាយវាដោយ ក្តីសប្បាយរីករាយ និងពោរពេញដោយថាមពល។

ទិដ្ឋភាពនេះសបញ្ជាក់ឱ្យឃើញពីចំណងដ៏ស្អិតរមួត និងការរស់នៅដោយសុខសាន្តរបស់ពួកវានៅក្នុងតំបន់អភិរក្សដែលត្រូវបានការពារយ៉ាងដិតដល់។
គួរបញ្ជាក់ថាអគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម សហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានទម្លាក់ប្រអប់ថ្ម នៅតាមបណ្ដាតំបន់អភិរក្សនានា ដើម្បីបង្កើតជម្រកសិប្បនិម្មិតសម្រាប់ជីវៈចម្រុះនៅដែនសមុទ្ររបស់យើង។ ចាប់តាំងពីការចាប់ផ្ដើមនៅឆ្នាំ២០២៣មក ការបង្កើតជម្រកសិប្បនិម្មិត បានជួយឱ្យធនធានជីវៈចម្រុះនៅតំបន់ទាំងនេះកើនឡើង និងជួយលើកស្ទួយនិរន្តរភាពនៃផលជលផលរបស់ប្រជានេសាទក្នុងតំបន់ផងដែរ៕

ដោយ៖ មករា





