ចៅអធិការវត្តប្រាសាទគោកចក នាំយកសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ទៅផ្តល់ជូនបងៗកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
AKP សៀមរាប ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ – ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប ខេត្តសៀមរាប និងជាទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ បាននាំយក សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដូចជា អង្រឹង សូឡា កៅស៊ូតង់ វិទ្យុកទាក់ទង ថវិកាចំនួន៥០ម៉ឺនរៀលសម្រាប់ធ្វើដំបូលរោងស្នាក់នៅ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត ទៅផ្តល់ជូនបងៗកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បានមានសង្ឃដីកាថា ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា លើកទឹកចិត្តដល់បងប្អូនកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសថៃ។ព្រះអង្គរួមជាមួយជាមួយញាតិញោម បាននាំយកសម្ភារប្រើប្រាស់ប្រចាំថ្ងៃទៅជូនដល់កងទ័ពដែលនៅព្រំដែនកម្ពុជា-ថៃ។ ហើយការផ្តល់ជូននូវសម្ភារៈទាំងនេះ មិនមែនថា រាជរដ្ឋាភិបាលខ្វះខាតនោះទេ តែជាការចូលរួមជួយឧបត្ថម្ភបន្ថែម។

ព្រះអង្គបានបន្ថែមថា យើងពិតជាមានមោទកភាពចំពោះវីរៈកងទ័ព ពោរពេញដោយឆន្ទៈ មនសិការ ស្មារតីក្លាហាន និងសេចក្តីស្មោះត្រង់ចំពោះជាតិ ដែលពួកគាត់បានសុខចិត្តយកទ្រូងពាំងគ្រាប់រំសេវ និងអាវុធគ្រប់ប្រភេទ ប្តូរយកសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ដែលយើងអាចសម្រានលក់ ហូបឆ្ងាញ់ ប្រកបដោយស្នាមញញឹម និងភាពកក់ក្តៅជាមួយក្រុមគ្រួសារ។ ព្រះអង្គបានសម្តែងការគោរពដឹងគុណជានិច្ចចំពោះកងទ័ពទាំងអស់ ហើយតាំងចិត្តចងចាំជានិច្ចនូវគំរូវីរភាពមិនអាចកាត់ថ្លៃបាននេះជារៀងរហូត។

ដោយ៖ ឃុត សៅ





