ឯកឧត្តម សុខ លូ អញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី មនសិការពលរដ្ឋល្អ
AKP បាត់ដំបង ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ – ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសក្នុងកម្មវិធី មនសិការពលរដ្ឋល្អក្រោមប្រធានបទ តួនាទីរបស់យុវជនក្នុងការចូលរួមថែរក្សា ការពារសន្តិភាព និងការអភិវឌ្ឍសង្គម។កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមការសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងគោលបំណងផ្ដល់នូវចំណេះដឹងថ្មីៗដើម្បីពង្រឹងសមត្ថភាពយុវជន។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានរំឭកពីគោលនយោបាយឈ្នះ-ឈ្នះ ដែលជាយុទ្ធសាស្ត្រនយោបាយ និងយោធាដែលដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៦-១៩៩៨ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលជាស្ថាពរ និងស្វែងរកសន្តិភាពពេញលេញនៅកម្ពុជា។គោលការណ៍នេះផ្ដោតលើការផ្សះផ្សាជាតិដោយមិនប្រើអាវុធកម្ទេចគ្នា ធានាអាយុជីវិត មុខរបរ និងទ្រព្យសម្បត្តិជូនកម្លាំងខ្មែរក្រហមដែលស្ម័គ្រចិត្តចូលរួមជាមួយរដ្ឋាភិបាល។តាមរយៈនយោបាយឈ្នះ ឈ្នះ បានធ្វើឱ្យប្រទេសកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង រកឃើញសុខសន្តិភាពពេញលេញនាំមកនូវការឯកភាពជាតិនិងឯកភាពទឹកដីមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងរយៈពេល ៥០០ចុងក្រោយ ហើយរាជរដ្ឋាភិបាលក៏បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជាដើម្បីរំលឹកដល់ការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង និងការបង្រួបបង្រួមជាតិនៅឆ្នាំ១៩៩៨ តាមរយៈនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ការស្វែងរកសន្តិភាព គឺពិតជាពិបាកខ្លាំងណាស់ ហើយការការពារសន្តិភាពរឹតតែពិបាកទៅទៀតដូច្នេះត្រូវចូលរួមទាំងអស់គ្នាថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍ។

ឯកឧត្តម អភិបាលខេត្ត លើកទឹកចិត្តដល់យុវជនគ្រប់រូបត្រូវខិតខំសិក្សារៀនសូត្រឱ្យក្លាយទៅជាធនធានមនុស្សជួយអភិវឌ្ឍន៍ប្រទេសជាតិ និងធ្វើខ្លួនឱ្យក្លាយទៅជាពលរដ្ឋល្អក្នុងសង្គម ជាពិសេសត្រូវរៀនឱ្យចេះបច្ចេកវិទ្យា និងភាសាបរទេស។ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សត្រូវប្រកាន់ខ្ជាប់នូវស្មារតីជាតិនិយម រួមគ្នាគាំទ្រផលិតផលខ្មែរឱ្យបានផុសផុល។ យុវជនត្រូវចៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ រក្សាអនាម័យបរិស្ថាន និងចូលរួមប្រើប្រាស់កម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០ភាគរយចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន ៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





