គម្រោងស្តីពីការអភិវឌ្ឍន៍សមត្ថភាព សហគ្រប់គ្រងជលផលសម្រាប់សហគមន៍បៃតង និរន្តរភាពធនធានជលផល និងពិពិធកម្មមុខរបរចិញ្ចឹមជីវិត ត្រូវបានបិទបញ្ចប់
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ – គម្រោងស្តីពី «ការអភិវឌ្ឍន៍សមត្ថភាពសហគ្រប់គ្រងជលផលសម្រាប់សហគមន៍បៃតង និរន្តរភាពធនធានជលផល និងពិពិធកម្មមុខរបរចិញ្ចឹមជីវិត» ហៅថា «គម្រោងសហគ្រប់គ្រងជលផលឆ្លាតវៃ»ត្រូវបានមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មបានធ្វើការបិទបញ្ចប់ហើយកាលពីថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០២៦ម្សិលម៉ិញនេះ។ ក្រសួងកសិកម្មបានឱ្យដឹងនៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៦ថាក្នុងពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម ហាស់ សារ៉េត ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ជាតំណាងម្ចាស់ជំនួយ និងអង្គការFAO ជាដៃគូអនុវត្តគម្រោង រួមមានលោកស្រី Rebekah Olivia Bell តំណាង FAO ប្រចាំនៅកម្ពុជា ព្រមទាំងលោកបណ្ឌិត Kwang Suk Oh មន្ត្រីជាន់ខ្ពស់ផ្នែកជលផលជាតំណាងអង្គការ FAO ការិយាល័យកណ្តាលនៅក្រុងរ៉ូមនៃប្រទេសអ៊ីតាលីជាដើម។

ថ្លែងក្នុងពិធីនេះឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានសាទរនូវសមិទ្ធផលនៃគម្រោង និងថ្លែងអំណរគុណដល់ក្រសួងជលផល និង សមុទ្រ នៃ សាធារណរដ្ឋកូរ៉េ ដែលម្ចាស់ជំនួយ និងអង្គការ FAO ជាដៃគូអនុវត្តគម្រោងសហគ្រប់គ្រងជលផលឆ្លាតវៃ អស់រយៈពេល៣ឆ្នាំនេះ ដែលបានបង្កើនការយល់ដឹង និងសមត្ថភាពមន្រ្តីនិងសហគមន៍នេសាទគោលដៅ រួមទាំងបានផ្តល់សម្ភារៈដែលជាទុនគ្រឹះដ៏សំខាន់សម្រាប់អនុវត្តបន្ត។

ជាមួយគ្នានេះឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្មបានណែនាំ ដល់អគ្គនាយកដ្ឋានជលផល អង្គភាព ដៃគូនិងអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តអនុវត្ត និង គាំទ្រដល់សហគមន៍នេសាទនៅខេត្តស្ទឹងត្រែងនិងក្រចេះ ដើម្បីរក្សាបាននូវនិរន្តរភាពលទ្ធផលគម្រោងនិងពង្រីកស្នាដៃឱ្យកាន់តែប្រសើរថែមទៀត។ ជាពិសេសពិពិធកម្មមុខរបរចិញ្ចឹមជីវិតដែលគម្រោងបានជួយលើការចិញ្ចឹមត្រី ដោយបានជីក និង កែលម្អស្រះ ផ្តល់កូនត្រីពូជ និង ចំណីត្រីសម្រាប់១៥គ្រួសារ នៃ សមាជិកសហគមន៍អូរម្រះ នៃ ខេត្ត ស្ទឹងត្រែង និងបង្កើតអេកូទេសចរណ៍ជលផលនៅបឹងរំអិលសម្រាប់សហគមន៍នេសាទកាំពីខេត្តក្រចេះ ។

ឯកឧត្តមហាស់ សារ៉េតបានថ្លែងឱ្យដឹងដែរថានេះជាយុទ្ធសាស្រ្តក្នុងការបង្កើតប្រាក់ចំណូលដល់សមាជិកសហគមន៍នេសាទ កាត់បន្ថយសម្ពាធលើធនធានជលផល និងបង្កើនការចូលរួមការពារសត្វផ្សោតមេគង្គឱ្យបានគង់វង្ស ក៏ដូចជាការអភិរក្សនិងគ្រប់គ្រងធនធានជលផលប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព៕
ដោយ ៖ មករា





