ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានធ្វើការអំពាវនាវឱ្យគោរពបទឈប់បាញ់ និងមានការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦--ឯកអគ្គរដ្ឋទូត ទីម័រឡេស្តេ តំណាងមកពីស្ថានទូតចិន ជប៉ុន ឥណ្ឌូណេស៊ី វៀតណាម និងឡាវ
ដែលអមដំណើរដោយ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ក្នុងដំណើរទស្សកិច្ច នៅប្រាសាទព្រះវិហារ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានសម្តែងការសោកស្តាយចំពោះការខូចខាតយ៉ាងធ្ងន់ធ្ងរលើប្រាសាទព្រះវិហារ ដោយសារជម្លោះប្រដាប់អាវុធកាលពីខែកក្កដា និងខែធ្នូឆ្នាំ២០២៥កន្លងទៅនេះ។
ឯកឧត្តមបានបន្តថា តំបន់បេតិកភណ្ឌពិភពលោកមិនគួរក្លាយជាឧបករណ៍នៃជម្លោះឡើយ ។ ហើយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានធ្វើការអំពាវនាវឱ្យមានការគោរពបទឈប់បាញ់ និងមានការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ។

ជាមួយគ្នានេះឯកឧត្តម បានបញ្ជាក់ថា បេសកកម្មដែលមានការចូលរួមពីតំណាងអង្គទូតសំខាន់ៗនាពេលនេះ គឺជាសក្ខីភាពនៃឆន្ទៈរបស់កម្ពុជា ក្នុងការប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព ដែលការពារដោយការយោគយល់គ្នា និងធានាថាប្រាសាទព្រះវិហារនឹងនៅតែជាទ្រព្យសម្បត្តិដ៏រុងរឿងរបស់មនុស្សជាតិជារៀងរហូត ៕



ដោយ ណយ នឿន (ប្រភព៖អាជ្ញាធរជាតិព្រះវិហារ)





