រដ្ឋបាលខេត្តឧត្ដរមានជ័យ ប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ រង្វង់មូលបដិមារូប «ព្រះគោព្រះកែវ» នៅទីតាំងអតីតរង្វង់មូលព្រះវិស្ណុគង់លើស្ដេចគ្រុឌ
AKP ឧត្ដរមានជ័យថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦– រដ្ឋបាលខេត្តឧត្ដរមានជ័យ ប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ រង្វង់មូលបដិមា «ព្រះគោ ព្រះកែវ» នៅទីតាំងអតីតរង្វង់មូលព្រះវិស្ណុគង់លើស្ដេចគ្រុឌ។

នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ រួមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ រដ្ឋបាលខេត្តឧត្ដរមានជ័យ ប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ រង្វង់មូលបដិមា «ព្រះគោ ព្រះកែវ» នៅទីតាំងអតីតរង្វង់មូលព្រះវិស្ណុគង់លើស្ដេចគ្រុឌ។

ឯកឧត្ដម មាន ចាន់យ៉ាដា មានប្រដសដសន៍ថា ថ្ងៃនេះយើងបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ រង្វង់មូលបដិមារូប «ព្រះគោ ព្រះកែវ»មួយថ្មីក្នុងខេត្តឧត្ដរមានជ័យ សមិទ្ធផលថ្មីនេះធ្វើឲ្យខេត្តមានសោភ័ណភាពថ្មី ដើម្បីទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ និងជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តក្នុងខេត្តឧត្ដរមានជ័យយើងកាន់តែច្រើនថែមទៀត ៕

ដោយ៖ ទិត ស្រ៊





