រដ្ឋបាលក្រុងសំរោង បើកកិច្ចប្រជុំត្រួតពិនិត្យការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅមូលដ្ឋានសង្កាត់ទាំងប្រាំ ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព និងសក្ដិសិទ្ធភាព
AKP ឧត្តរមានជ័យ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦– លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានសង្កាត់ទាំងប្រាំ ក្នុងក្រុងសំរោង។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងក្រុង នាយករដ្ឋបាល អាជ្ញាធរសង្កាត់ទាំងប្រាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ផុន ចាន់និល បានថ្លែងថា ការផ្ដល់សេវារដ្ឋបាលឱ្យបានល្អ និងទាន់ចិត្ត គឺជាគោលដៅចម្បងដែលរដ្ឋបាលក្រុងត្រូវសម្រេចឱ្យបាន ដើម្បីបង្កើនទំនុកចិត្ត និងភាពកក់ក្ដៅជូនបងប្អូនប្រជាពលរដ្ឋ។ ហេតុនេះកិច្ចប្រជុំថ្ងៃនេះគឺបានផ្ដោតលើការពិភាក្សាយ៉ាងហ្មត់ចត់ ក្នុងគោលបំណងពង្រឹងយន្តការផ្ដល់សេវាជូនពលរដ្ឋឱ្យកាន់តែប្រសើរឡើង ។

លោកបានបន្តថា ការពង្រឹងគុណភាព និងប្រសិទ្ធភាព ត្រូវត្រួតពិនិត្យលើរាល់នីតិវិធីនៃការផ្ដល់សេវារដ្ឋបាល និងសេវាផ្នែកសង្គមកិច្ច ត្រូវតែធ្វើឡើងឱ្យបានលឿន ឆាប់រហ័ស និងត្រឹមត្រូវតាមស្ដង់ដារដែលបានកំណត់។ ការពង្រឹងសក្ដិសិទ្ធភាព ធានាថាការផ្ដល់សេវានីមួយៗពិតជាបានឆ្លើយតបចំតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ និងទទួលបានលទ្ធផលជាវិជ្ជមាន។ ផ្នែកក្រមសីលធម៌មន្ត្រី លោកអភិបាលក្រុង បានរំលឹកដល់មន្ត្រីនៅតាមសង្កាត់ទាំងអស់ ត្រូវមានអាកប្បកិរិយាទន់ភ្លន់ រួសរាយរាក់ទាក់ និងស្មោះត្រង់ក្នុងការបំពេញការងារជូនពលរដ្ឋ។

លោកក៏បានសង្កត់ធ្ងន់ថា អាជ្ញាធរសង្កាត់ទាំងប្រាំ គឺជាអ្នកដែលនៅជិតស្និទ្ធបំផុតជាមួយពលរដ្ឋ ដូច្នេះត្រូវបន្តតាមដាន និងដោះស្រាយបញ្ហាប្រឈមនានានៅតាមភូមិឱ្យបានទាន់ពេលវេលា។ លោកក៏បានថ្លែងអំណរគុណចំពោះមន្ត្រីទាំងអស់ ដែលបានខិតខំបម្រើពលរដ្ឋយ៉ាងសកម្មនាពេលកន្លងមក និងត្រូវបន្តស្មារតីនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីសេចក្ដីសុខសប្បាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងសំរោងយើង៕

ដោយ៖ ទិត ស្រ៊





