សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យមានការអនុវត្ដដោយពេញលេញភ្លាមៗ និងទាំងស្រុងនូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ -- អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យមានការអនុវត្ដដោយពេញលេញភ្លាមៗ និងទាំងស្រុងនូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដោយត្រូវចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការវាស់វែង និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយគ្មានការពន្យារពេលបន្តទៀត។ ការអំពាវនាវរបស់សម្តេចធិបតីបានធ្វើឡើងក្នុងឱកាសសន្និសីទសារព័ត៌មានរួមគ្នាកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីបញ្ចប់កិច្ចប្រជុំត្រីភាគីកម្ពុជា ហ្វីលីពីន និងថៃ នៅឯកោះសេប៊ូ ប្រទេសហ្វីលីពីន ទីដែលកិច្ចប្រជុំកំពូលអាស៊ានកំពុងបើកធ្វើ។

ក្នុងកម្មវិធីផ្សាយផ្ទាល់ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នាព្រឹកថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សម្តេចមហាបវរធិបតី បានឱ្យដឹងទៀតថា កិច្ចប្រជុំត្រីភាគីនេះបានពិភាក្សាអំពីការចាប់ផ្ដើមឡើងវិញនូវរាល់យន្ដការដែលមានស្រាប់ ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC), គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) បន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់ប្រទសថៃ បានចាប់ផ្ដើមអនុវត្ដការងាររបស់ខ្លួនបានយ៉ាងពេញលេញរួចមក។
សម្តេចធិបតីនាយករដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថា យន្តការនេះ គឺពិតជាចាំបាច់ក្នុងការធានាបញ្ចប់ការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (faits accomplis) និងដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរពស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់។ ការណ៍នេះក៏នឹងជួយលើកកម្ពស់ទំនុកចិត្ត និងនាំមកនូវសន្តិភាពយូអង្វែងរវាងប្រទេសយើងទាំងពីរ។ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ច្បាស់ៗថា កម្ពុជាសូមរម្លឹកឡើងវិញថា ខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរ ឬកំណត់ដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (faits accomplis) នោះទេ។
កម្ពុជាក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងសូមថ្លែងអំណរគុណដល់ប្រទេសសមាជិកអាស៊ានចំពោះការគាំទ្រ និងការចូលរួមចំណែកជាបន្ដបន្ទាប់ ហើយកម្ពុជាបានផ្តល់កិច្ចសហប្រតិបត្ដិការពេញទំហឹង និងអំពាវនាវឱ្យពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីផ្ទៀងផ្ទាត់ និងធានាដល់ការអនុវត្ដបទឈប់បាញ់ និងរាល់វិធានការដែលបានព្រមព្រៀងគ្នា។
កិច្ចប្រជុំក៏បានពិភាក្សាផងដែរ អំពីទិសដៅទៅអនាគត សម្រាប់ការដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នា ជាមួយនឹងការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់ “យន្តការផ្សះផ្សារដោយចាប់បង្ខំ” ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនរបស់ប្រទេសថៃ ចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១។ កម្ពុជាជឿជាក់ថា នេះគឺជាមាគ៌ាសន្តិវិធី ដែលនឹងនាំទៅរកដំណោះស្រាយប្រកបដោយយុត្តិធម៌សម្រាប់ភាគីទាំងពីរ។
ជាចុងក្រោយ សម្តេចធិបតីគូសបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងការប្តេជ្ញាចិត្តដែលបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបោះជំហានទៅមុខប្រកបដោយស្មារតីស្ថាបនាឆាប់រហ័ស និងដោយសុឆន្ទៈ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមគូសរំលេចឡើងវិញថា ទន្ទឹមនឹងជំហរម៉ឺងម៉ាត់របស់កម្ពុជាក្នុងការគោរពបទឈប់បាញ់ និងជំរុញឱ្យមានការអនុវត្តពេញលេញសេចក្តីប្រកាសរួមថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥, ហ្វីលីពីនក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦ បានបញ្ជាក់ម្តងហើយម្តងទៀតអំពីការប្តជ្ញាចិត្តដ៏មុតមាំរបស់ខ្លួនក្នុងការសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។
ជាក់ស្តែង រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានអះអាងក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ថា ហ្វីលីពីននឹងជំរុញឱ្យអាស៊ានដោះស្រាយបញ្ហាប្រឈមនានាទាំងថ្មីនិងចាស់ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា។ ចំណែកប្រធានបេសកកម្មអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ហ្វីលីពីន ប្រចាំកម្ពុជាបានសន្យាថា នឹងបំពេញការងារយ៉ាងសកម្មជាពិសេសបង្កើនការល្បាតតាមបណ្តោយព្រំដែន ដែលមានជម្លោះដើម្បីធានាថា មិនឱ្យមានភាគីណាបំពានលើភាគីណាឡើយ៕
ដោយ៖ គង់ សិរីរ័ត្ន





