កូរ៉េខាងត្បូង និងជប៉ុន ធ្វើកិច្ចចរចាសន្តិសុខកម្រិតអនុរដ្ឋមន្ត្រីលើកទីដំបូងពីរបូកពីរ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ -- ក្រសួងការបរទេសទីក្រុងសេអ៊ូលបាននិយាយថា ប្រទេសកូរ៉េខាងត្បូង និងជប៉ុនបានធ្វើកិច្ចចរចាអនុរដ្ឋមន្ត្រី «ពីរបូកពីរ» លើកដំបូងរវាងក្រសួងការបរទេស និងក្រសួងការពារជាតិរបស់ពួកគេនៅទីក្រុងសេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខជាច្រើនដែលមានផលប្រយោជន៍ទៅវិញទៅមក។
ក្រសួងការបរទេសទីក្រុងសេអ៊ូលបាននិយាយថា ការពិគ្រោះយោបល់គោលនយោបាយសន្តិសុខរវាងអាជ្ញាធរការបរទេស និងការពារជាតិរបស់ប្រទេសទាំងពីរពីមុនត្រូវបានធ្វើឡើងនៅកម្រិតអគ្គនាយក ប៉ុន្តែត្រូវបានដំឡើងឋានៈទៅជាកម្រិតអនុរដ្ឋមន្ត្រីជាលើកដំបូងនៅឆ្នាំនេះ។
យោងតាមក្រសួងបានឱ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសទីមួយ លោកផាក យូនជូ (Park Yoon-joo) និងអនុរដ្ឋមន្ត្រីការពារជាតិ លោក លី ឌូហេ (Lee Doo-hee) បានចូលរួមកិច្ចប្រជុំនេះ។ មកពីប្រទេសជប៉ុន អនុរដ្ឋមន្ត្រីការបរទេស លោក តាកេហ៊ីរ៉ូ ហ្វូណាកូស៊ី (Takehiro Funakoshi) និងអនុរដ្ឋមន្ត្រីការពារជាតិ លោក កូជី កាណូ (Koji Kano) ក៏បានចូលរួមផងដែរ។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា ភាគីទាំងពីរបានអំពាវនាវឱ្យរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរការទូត និងការពារជាតិរបស់ពួកគេដោយកត់សម្គាល់ពី «ការទូតតាមរថយន្ត» យ៉ាងសកម្មរវាងមេដឹកនាំប្រទេសរបស់ពួកគេ។
ភាគីទាំងពីរក៏បានបញ្ជាក់ពីទស្សនៈរួមរបស់ពួកគេលើស្ថានភាពអន្តរជាតិ «កាន់តែធ្ងន់ធ្ងរឡើង» និងសារៈសំខាន់កាន់តែខ្លាំងឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសហរដ្ឋអាមេរិក ហើយបានយល់ព្រមរក្សាការទំនាក់ទំនងសម្រាប់ការអភិវឌ្ឍរបស់ពួកគេ។
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សានេ តាកៃជី (Sanae Takaichi)កំពុងពិចារណាធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងនៅចុងខែនេះសម្រាប់កិច្ចពិភាក្សាកំពូលជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក លីទៅកាន់ស្រុកកំណើតរបស់លោកស្រី តាកៃជី គឺទីក្រុងណារ៉ា ក្នុងខែមករា។
ទីក្រុងសេអ៊ូល និងតូក្យូបានចាប់ផ្តើមការពិគ្រោះយោបល់សន្តិសុខទ្វេភាគីក្នុងឆ្នាំ១៩៩៨។ ចាប់តាំងពីពេលនោះមក កិច្ចពិភាក្សាត្រូវបានផ្អាក និងបន្តឡើងវិញចំពេលមានការប្រែប្រួលនៃទំនាក់ទំនងទ្វេភាគី៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





