លោក អ៊ួ តារា៖ យើងចង់ឃើញកុមារទូទាំងប្រទេសហាត់ស្នៀតគុនល្បុក្តតោ ទាំងអស់គ្នា ដែលជាប្រភេទកីឡាមរតកវប្បធម៌ជាតិ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦--លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានលើកឡើងថា បើទោះបីជាពីមួយឆ្នាំទៅមួយឆ្នាំ គុនល្បុក្កតោ ដែលជាប្រភេទកីឡាមរតកវប្បធម៌ជាតិ មានការរីកចម្រើនគួរឱ្យកត់សម្គាល់យ៉ាងណាក្តី ប៉ុន្តែមិនទាន់ឈានដល់កម្រិតមួយជាក្តីប្រាថ្នា ដែលយើងចង់បាននៅឡើយ ដោយយើងចង់ឃើញកុមារា កុមារីទូទាំងប្រទេសហាត់ស្នៀតគុនល្បុក្កតោទាំងអស់គ្នា ស្របតាមបំណងរបស់លោកគ្រូតាក្រមាមាស សាន គឹម ស៊ាន ក៏ដូចជាថ្នាក់ដឹកនាំសហព័ន្ធ។

ការគូសបញ្ជាក់របស់អ្នកជំនាញ លោក អ៊ួ តារា បានធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡាគុនល្បុក្តតោ កាលពីល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលកីឡាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៃការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងកិច្ចសហការរៀបចំបច្ចេកទេសដោយសហព័ន្ធកីឡាជាតិ។

អគ្គលេខាធិការរូបនេះបានលើកឡើងថា៖«ជាទូទៅ កីឡាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អនាគតរបស់កុមារ ដោយមានន័យថា បើពួកគាត់ស្រឡាញ់កីឡា យើងបានបញ្ជ្រាបស្មារតីកីឡាជូនដល់ពួកគាត់ ដែលអាចបញ្ចៀសការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។ អ្វីកាន់តែពិសេសគឺកុមារអាចហ្វឹកហាត់ប្រភេទកីឡាអត្តសញ្ញាណជាតិខ្មែរយើង និងជំរុញឱ្យពួកគាត់ទទួលបានសុខភាពល្អ ហើយអាចមកចូលរួមបង្ហាញសមត្ថភាពនៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិមួយ។ ពួកគាត់ក៏នឹងអាចក្លាយជាអ្នកបន្តវេន ក្នុងការជួយថែរក្សាមរតកវប្បធម៌របស់ជនជាតិខ្មែរយើងផងដែរ»។

លោក អ៊ួ តារា បានសង្កត់ធ្ងន់ថា ៖«ការខិតខំប្រឹងប្រែងនេះ យើងជៀជាក់ថានឹងជំរុញឱ្យមានការផ្លាស់ប្តូររបស់ទស្សនៈថ្មីមួយ ក្នុងការចូលរួមហ្វឹកហាត់កីឡា ជាពិសេសប្រភេទកីឡាប្រពៃណីជាតិនេះ។ បើទោះបីជាយើងសង្កេតឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ គុនល្បុក្កតោមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែវាមិនទាន់ឈានដល់កម្រិតមួយដែលយើងប្រាថ្នាចង់បាននៅឡើយទេ។ យើងចង់បានថា នៅក្នុងកម្រិតកុមារទូទាំងប្រទេស ពួកគាត់ចេះស្នៀតគុនល្បុក្កតោទាំងអស់គ្នា ដោយនេះគឺជាក្តីស្រមៃរបស់លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ហើយក៏ជាគោលដៅរបស់ថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាគុនល្បុក្តោកម្ពុជាផងដែរ»។
ការប្រកួតកីឡាគុនល្បុក្កតោនៃព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះ ត្រូវបានអគ្គលេខាធិការពន្យល់ថា នេះជាការរៀបចំលើកទី២ ដែលសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាទទួលបានកិច្ចសហការរៀបចំបច្ចេកទេស។ ការប្រកួតកីឡាគុនល្បុក្កតោ ឆ្នាំ២០២៦នេះមានការចូលរួមច្រើនដោយកើនឡើងរហូតដល់១០រាជធានី-ខេត្ត ដែលកីឡាករ កីឡាការិនីជាកុមារា កុមារីកម្រិតបឋមសិក្សានេះបានបង្ហាញទេពកោលស្យ ភាពអង់អាចក្លាហានក្នុងប្រភេទកីឡាអត្តសញ្ញាណជាតិខ្មែររបស់យើង។
ជាមួយគ្នានេះ មូលហេតុសំខាន់ៗមួយចំនួនធ្វើឱ្យមានកំណើនអ្នកហាត់គុនគុនល្បុក្កតោរបស់កុមារា កុមារី គឺកីឡាគុនល្បុក្កតោត្រូវបានដាក់បញ្ជូលក្នុងកម្មវិធីសិក្សារបស់វិទ្យាស្ថានអប់រំកាយ និងកីឡា ដែលគរុសិស្សអាចចេះពីបច្ចេកទេសមួយចំនួនពីគុនល្បុក្កតោ ក្នុងការចេញទៅបង្ហាត់សិស្សាសនុសិស្ស នៅតាមវិទ្យាល័យ នៅពេលពួកគាត់ចេញទៅបង្ហាត់បង្រៀន។ កិច្ចការរនេះក៏មិនទាន់មានប្រសិទ្ធភាពភ្លាមៗដែរ ស្របទៅនឹងតម្រូវការជាក់ស្តែង។ ជាមួយគ្នានេះ យើងមានគ្រូបង្វឹកស្ម័គ្រគុនល្បុក្កតោ នៅតាមមូលដ្ឋាននានាបានសហការជាមួយសាលារៀនក្នុងមូលដ្ឋានរបស់ពួកបានបង្ហាត់បង្រៀនដល់សិស្សគុន។ ដូច្នេះហើយ ទើបកុមារា កុមារីនៅតាមសាលារៀនទាំងនោះមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះ៕
ដោយ ហេង ណាលីន





