ចិនអំពាវនាវឱ្យសហរដ្ឋអាមេរិកលុបលែងការបិទខ្ទប់ប្រទេសគុយបា
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ -- ក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិកលុបចោលការបិទផ្លូវ និងទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងប្រទេសគុយបាជាបន្ទាន់ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីពង្រីកវិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសក្នុងតំបន់ការាបៀនមួយនេះ។
បទបញ្ជាប្រតិបត្តិនេះបានចោទប្រកាន់ប្រទេសគុយបាថា ជាការគំរាមកំហែងដល់សន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសគុយបាបាននិយាយថាវិធានការបង្ខិតបង្ខំខុសច្បាប់ និងឯកតោភាគីរបស់ទីក្រុងវ៉ាស៊ីនតោន គឺជារឿងគួរឱ្យស្អប់ខ្ពើម និងគួរឱ្យអស់សំណើច ហើយបាននិយាយថា «ពួកគេនឹងមិនអាចបំភិតបំភ័យយើងទេ»។
អ្នកនាំពាក្យក្រសួងការបរទេសរូបនេះបាននិយាយកាលពីពេលថ្មីៗនេះថា «ការពង្រឹងទណ្ឌកម្មខុសច្បាប់ និងឯកតោភាគីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសគុយបា ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិរស់នៅ និងការអភិវឌ្ឍរបស់ប្រជាជនគុយបា ព្រមទាំងរំលោភលើបទដ្ឋានជាមូលដ្ឋានក្នុងទំនាក់ទំនងអន្តរជាតិផងដែរ» ដោយលោកបានអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ចប់ការបង្ខិតបង្ខំ និងសម្ពាធគ្រប់ទម្រង់ប្រឆាំងនឹងប្រទេសសង្គមនិយមមួយនេះ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ប្រទេសចិនគាំទ្រយ៉ាងមុតមាំចំពោះប្រទេសគុយបាក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ខ្លួនហើយប្រឆាំងនឹងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសគុយបា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





