សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ខិតជិតការចុះហត្ថលេខាលើអនុស្សរណៈមួយទំព័រដើម្បីបញ្ចប់សង្គ្រាម
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ -- ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ កំពុងខិតជិតចំពោះការចុះហត្ថលេខាលើអនុស្សរណៈមួយទំព័រដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធ។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Axios ដោយដកស្រង់ប្រភពព័ត៌មាន។
យោងតាមសារព័ត៌មាននោះ បានឱ្យដឹងថា សេចក្តីសម្រេចចិត្តរបស់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិកក្នុងការផ្អាកប្រតិបត្តិការគម្រោងសេរីភាពនៅក្នុងច្រកសមុទ្រហ័រមុស គឺជាប់ទាក់ទងនឹងវឌ្ឍនភាពក្នុងកិច្ចចរចា។ សេចក្តីព្រាងអនុស្សរណៈនេះ គឺផ្អែកលើផែនការ ១៤ចំណុចរបស់សហរដ្ឋអាមេរិក ដែលអំពាវនាវឱ្យមានការបញ្ឈប់អរិភាពនៅក្នុងតំបន់ និងការចាប់ផ្តើមនៃកិច្ចចរចារយៈពេល ៣០ថ្ងៃ ស្តីពីការដឹកជញ្ជូននៅក្នុងច្រកសមុទ្រហ័រមុស កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការរំពឹងទុកសម្រាប់ការលើកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
យោងតាមប្រភពពីរដែលដកស្រង់ដោយសារព័ត៌មាន Axios បានឱ្យដឹងថា កិច្ចចរចាទៅលើព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងដើម្បីបើកច្រកសមុទ្រហ័រមុស ការកំណត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការលើកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក អាចធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ ឬទីក្រុងហ្សឺណែវ។ ប្រភពមួយបានកត់សម្គាល់ថា ប្រសិនបើកិច្ចចរចាបរាជ័យកងកម្លាំងសហរដ្ឋអាមេរិកអាចបន្តការបិទផ្លូវ ឬប្រតិបត្តិការយោធាឡើងវិញ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





