លោក រូប៊ីអូ៖ សហរដ្ឋអាមេរិកកំពុងធ្វើការទៅលើដំណោះស្រាយការទូតចំពោះជម្លោះអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ -- មន្ត្រីអាម៉េរិក ដែលរួមទាំងលោក ស្ទីវ វីតកូហ្វ (Steve Witkoff) បេសកជនពិសេសរបស់ប្រធានាធិបតីអាម៉េរិក និងលោក ចារ៉េដ គូស្ន័រ (Jared Kushner) ដែលជាកូនប្រសាររបស់ប្រធានាធិបតីអាម៉េរិក កំពុងធ្វើការងារយ៉ាងសកម្មដើម្បីស្វែងរកដំណោះស្រាយការទូតដើម្បីដោះស្រាយជម្លោះជាមួយអ៊ីរ៉ង់។ នេះបើយោងតាមការលើកឡើងរបស់លោក ម៉ាកូ រូប៊ីអូ (Marco Rubio) រដ្ឋមន្ត្រីការបរទេសអាម៉េរិក និងជាជំនួយការប្រធានាធិបតីទទួលបន្ទុកកិច្ចការសន្តិសុខជាតិ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមាន។
លោកបាននិយាយថា «អ៊ីរ៉ង់ត្រូវតែទទួលយកការពិតនៃស្ថានភាពចូលមកតុចរចា និងទទួលយកលក្ខខណ្ឌដែលល្អសម្រាប់ពួកគេ ប៉ុន្តែនៅទីបំផុត វាល្អសម្រាប់ពិភពលោក។ ផ្លូវការទូត ប្រសិនបើវាជាផ្លូវការទូតពិតប្រាកដ ខ្ញុំនឹងមិនមែនធ្វើការតែនៅលើមធ្យោបាយតែមួយនោះទេ ប៉ុន្តែប្រសិនបើមានផ្លូវការទូតពិតប្រាកដមែន យើងបន្តស្វែងយល់ពីវា ហើយលោក ស្ទីវ និងលោក ចារ៉េដ កំពុងធ្វើការងារនេះយ៉ាងខ្លាំង។ ប្រសិនបើមានផ្លូវការទូតនៅទីនោះ វាអាចជាផ្លូវមួយដែលនាំពួកគេទៅរកការកសាងឡើងវិញ ឆ្ពោះទៅរកវិបុលភាព និងស្ថិរភាព ព្រមទាំងមិនបង្កការគំរាមកំហែងដល់ពិភពលោក»។
លោក រូប៊ីអូ បានបន្ថែមថា «ជម្រើសមួយទៀត គឺការកើនឡើងនៃភាពឯកោ ការដួលរលំសេដ្ឋកិច្ច និងទីបំផុត គឺការបរាជ័យទាំងស្រុង»។ លោកបាននិយាយថា «ខ្ញុំដឹងថា ជម្រើសត្រឹមត្រូវសម្រាប់អ៊ីរ៉ង់ គឺជាអ្វី។ ខ្ញុំសង្ឃឹមថាប្រជាជននៅទីនោះដែលធ្វើការសម្រេចចិត្តនឹងធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





