អង្គការសុខភាពពិភពលោក៖ ចំនួនករណីឆ្លងមេរោគហាន់តាវីរុសនៅលើនាវាទេសចរណ៍ MV Hondius កើនឡើងដល់ ០៨ករណី
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ -- ចំនួនអ្នកដំណើរនៅលើនាវាទេសចរណ៍ MV Hondius ដែលបានឆ្លងមេរោគហាន់តាវីរុស បានកើនឡើងដល់ ០៨នាក់។ នេះបើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ។
សេចក្តីប្រកាសព័ត៌មាននោះបានបង្ហាញថា គិតត្រឹមថ្ងៃទី០៦ ខែឧសភាម្សិលមិញ មានករណីឆ្លងមេរោគហាន់តាវីរុសចំនួន ០៨ករណីត្រូវបានរកឃើញ ដែលក្នុងនោះ ០៣ករណីត្រូវបានបញ្ជាក់ថាជាការឆ្លងមេរោគហាន់តាវីរុសដែលត្រូវបានរកឃើញនៅក្នុងមន្ទីរពិសោធន៍។
អង្គការសុខភាពពិភពលោក (WHO) បានគូសបញ្ជាក់ថា ខ្លួននឹងបន្តសហការជាមួយអាជ្ញាធរនៃប្រទេសដែលរងផលប៉ះពាល់ ដើម្បីផ្តល់ការគាំទ្រចាំបាច់ដល់អ្នកជំងឺ អ្នកដែលបានប៉ះពាល់ អ្នកដំណើរ និងនាវិក ដើម្បីធានាសុវត្ថិភាព និងការពារការរីករាលដាលនៃការឆ្លងមេរោគនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





