រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹង ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធ បានគូសបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់កាន់តែច្រើន ដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលទាំងពីរ។
ភាគីទាំងពីរបាននិយាយថា នៅក្នុងការសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក សេយេដ អាប់បាស់ អារ៉ាកជី (Seyed Abbas Araghchi) និងសមភាគីអារ៉ាប៊ីសាអូឌីត លោក ហ្វៃសាល ប៊ីន ហ្វាហាន អាល់ សូដ (Faisal bin Farhan Al Saud) បានពិភាក្សាអំពីការអភិវឌ្ឍក្នុងតំបន់ថ្មីៗ និងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិសុខ និងស្ថិរភាព។
យោងតាមក្រសួងការបរទេសអ៊ីរ៉ង់បានឱ្យដឹងថា រដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទូតប្រកបដោយចីរភាព និងការសម្របសម្រួលកាន់តែជិតស្និទ្ធក្នុងចំណោមប្រទេសនានានៅតំបន់អាស៊ីខាងលិចដើម្បីបន្ធូរបន្ថយភាពតានតឹង និងជៀសវាងជម្លោះបន្ថែមទៀត។
ការអំពាវនាវនេះបានកើតឡើងចំពេលមានការកើនឡើងនៃភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ និងអេមីរ៉ាតអារ៉ាប់រួមថ្មីៗនេះ។ ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានចោទប្រកាន់អ៊ីរ៉ង់ពីបទធ្វើការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងរដ្ឋអារ៉ាប់ ដែលទីក្រុងតេអេរ៉ង់បានបដិសេធ។
ភាពតានតឹងនៅទូទាំងតំបន់បានកើនឡើងចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈនៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើអ៊ីរ៉ង់ បង្កឱ្យមានជម្លោះដែលមានរយៈពេលជិតប្រាំមួយសប្តាហ៍មុនពេលបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី៨ ខែមេសា។ ក្នុងអំឡុងពេលប្រយុទ្ធគ្នាការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់បានវាយប្រហារទីតាំងយោធា និងស៊ីវិលនៅក្នុងប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រ រួមទាំងប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ដែលទទួលបានការថ្កោលទោសពីតំបន់អារ៉ាប់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





