សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម បង្កើនផលិតភាពផលិតផលក្នុងស្រុក និងលើកស្ទួយជីវភាពប្រជាជន
AKP ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦-- សម្ដេច ម៉ែន សំអន បានគាំទ្រផ្សារផលិតផលខ្មែរនៅខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក និងបង្កើនប្រាក់ចំណូលលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សម្ដេចកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានសម្ដែងការគាំទ្របែបនេះ ខណៈសម្ដេចអញ្ជើញទស្សនាសួនច្បារ និងផ្សារផលិតផលខ្មែរ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ ដោយពិធីនោះមានការអមដំណើរដោយលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខា សមាគមនារីខេត្តកំពង់ចាម និងលោកជំទាវ ប៉ាង ដានី ប្រធានប្រតិបត្តិសាខា និងឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីពាក់ព័ន្ធជុំវិញខេត្ត។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានកោតសសើរដល់រដ្ឋបាលខេត្ត និង សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ដែលបានចូលរួមយ៉ាងសកម្មក្នុងការជំរុញ និងលើកស្ទួយនូវផលិតផលខែ្មរឱ្យកាន់តែមានតម្លៃ និងបានចូលរួមចំណែកក្នុងការលើកស្ទួយដល់សេដ្ឋកិច្ចគ្រួសារផងដែរ។ ទន្ទឹមនឹងនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានសំណូមពរដល់ប្រជាកសិករទាំងអស់គ្នាត្រូវធានាបាននូវផលិតផលដែលគ្មានជាតិគីមី និងត្រូវពង្រឹងគុណភាពនៃការដាំដុះ ដោយគោរពតាមក្បួនខ្នាតរបស់ក្រសួងកសិកម្ម ចំណែកឯអាជីវករវិញ ត្រូវចេះវេចខ្ចប់ និងប្រើប្រាស់ផ្លូវស្លាកសញ្ញាដែលជារបស់ខ្មែរ និងត្រូវចេះផ្សព្វផ្សាយអំពីផលិតផលខ្មែរ និងមិនត្រូវកេងចំណេញខ្លាំងពេកពីប្រជាកសិករ រួមទាំងការដំឡើងថ្លៃខុសប្រក្រតី។

សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា ផ្សារផលិតផលខ្មែរនេះគឺជាការលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ និងជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។
សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ក៏បានសាទរដល់រដ្ឋបាលខេត្ត ដែលបានរៀបចំឱ្យមានតំបន់ទេសចរណ៍ជាច្រើន រួមទាំងបានកែលម្អនូវសួនច្បារ ច្រាំងទន្លេ និងកែលំអរសោភណ្ឌភាពខេត្ត ដែលជាទីកន្លែងដ៏ទាក់ទាញសម្រាប់ទេសចរណ៍ជាតិ និងអន្តរជាតិ ក៏ដូចជា អ្នកហាត់ ប្រាណប្រចាំថ្ងៃផងដែរ។ មិនត្រឹមប៉ុណ្ណោះ ខេត្តកំពង់ចាម មានកំពង់ផែទេសចរណ៍ស្តង់ដារមួយ ដែលមានសោភ័ណភាព នឹងលេចចេញនៅពេលខាងមុខនេះ ដែលអាចប្រែក្លាយទៅជាច្រកទ្វារសំខាន់ក្នុងការទាក់ទាញទេសចរ និងបង្កើនតភ្ជាប់ផ្លូវទឹកទៅកាន់ខេត្តផ្សេងៗតាមបណ្តោយទន្លេ និងបង្កើនសក្តានុពលសេដ្ឋកិច្ចតាមបណ្តោយផ្លូវទឹក។


សូមបញ្ជាក់ថា ក្រោមការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តកំពង់ចាម និងមានការសម្របសម្រួលរបស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម គឺផ្សារលក់ផលិតផលខ្មែរបានដាក់ឱ្យដំណើរការ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរខេត្តកំពង់ចាមបាន និងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកំពង់ចាម នៅរៀង រាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង៨ព្រឹក-៨ល្ងាច៕
ដោយ សួស សំរិត





