ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចេញសេចក្តីប្រកាសព័ត៌មានករណីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អា ឡែន ជុំវិញរឿងទិញលក់ផ្លែទុរេន
AKP បាត់ដំបង ថ្ងៃ០៤ ខែឧសភា ឆ្នាំ២០២៦ -- អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មកដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ នេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អា ឡែន បានចូលខ្លួនមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ចនគរបាលជុំវិញការផ្សព្វផ្សាយក្នុងបណ្តាញសង្គមចំពោះរូបគាត់ថា បាននាំផ្លែទុរេនពីប្រទេសថៃមកក្នុងប្រទេសកម្ពុជា។
លទ្ធផលនៃការសាកសួរ និងបំភ្លឺបានឱ្យដឹងថា គាត់ជាម្ចាស់គណនីឈ្មោះ អា ឡែន មានឈ្មោះពិត គឺឈ្មោះ លឿន សាក់ឡែន ភេទស្រី អាយុ ៣១ឆ្នាំ រស់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង គាត់បន្តថា សារសម្លេងដែលបែកធ្លាយនៅតាមបណ្តាញសង្គមរឿងទិញលក់ផ្លែទុរេនពីប្រទេសថៃនាប៉ុន្មានថ្ងៃកន្លងមកនេះ គឺជាសម្លេងរបស់គាត់ដែលបានទំនាក់ទំនងជាមួយអ្នករកស៊ីទិញផ្លែទុរេនពិតមែន។ ចាប់ពីខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២៦ គាត់បានទំនាក់ទំនងជាមួយជនជាតិថៃដែលធ្លាប់ស្គាល់ និងធ្លាប់រកស៊ីជាមួយគ្នានាពេលកន្លងមក ដោយទិញផ្លែទុរេនបានចំនួន ០៣លើក មានចំនួនប្រមាណ ២.០០០គីឡូក្រាម ដោយសារមានអ្នកបញ្ជាទិញនៅខេត្តកំពង់ចាម ហើយទំនិញទាំង ០៣លើកនេះ គាត់បានដាក់រថយន្តផ្ញើទៅឱ្យអ្នកបញ្ជាទិញនៅខេត្តកំពង់ចាមដោយផ្ទាល់នៅពេលគេដឹកមកដល់ ។ គាត់បានបន្តថា ឈ្មួញនៅថៃបានរៀបចំផ្ញើមកតាមព្រំដែនកាប៊ីន តែគាត់មិនបានដឹងថា គេផ្ញើមកតាមរបៀបណានោះទេ លុះរថយន្តដឹកមកដល់ គាត់ក៏ទទួលហើយផ្ញើទៅខេត្តកំពង់ចាមតែម្តង។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមបញ្ជាក់ជូនថា ខណៈដែលមានការបំភ្លឺបែបនេះពីឈ្មោះ លឿន សាក់ឡែន ក្តី តែសមត្ថកិច្ចនគរបាលកំពុងបន្តធ្វើការស្រាវជ្រាវជុំវិញករណីខាងលើនេះជាបន្តទៀតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឈានទៅស្វែងរកអ្នកពាក់ព័ន្ធក្នុងករណីខាងលើដើម្បីចាត់វិធានការស្របតាមនីតិវិធីច្បាប់។ អាស្រ័យដូចបានជម្រាបជូនខ្លឹមសារខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕



ដោយ៖ ណយ នឿន (ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)





