រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីណែនាំស្តីពីការហាមឃាត់ការផ្សាយពាណិជ្ជកម្ម និងចែកចាយផលិតផលដែលមានជាតិនីកូទីន
AKP ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦-- រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដី ណែនាំស្តីពី ការហាមឃាត់ការ ផ្សាយពាណិជ្ជកម្ម និងចែកចាយផលិតផលដែលមានជាតិនីកូទីន ដោយអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នៃនីតិកាលទី៧របស់រដ្ឋសភា ក្នុងគោលបំណងរក្សាបាននូវការអភិវឌ្ឍធនធានមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាទ្រព្យសកម្មជាតិ និងយុទ្ធោបករណ៍ដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសរយៈពេលវែង ក៏ដូចជាទប់ស្កាត់ បង្ការ ដោះស្រាយឱ្យបានទាន់ ពេលវេលា និងរក្សាការពារសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសមន្ត្រីរាជការ សិស្ស បុគ្គលិក សិក្សា រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់អង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់ និងម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មឯកជននៅរាជធានីភ្នំពេញ ត្រូវអនុវត្តដូចខាងក្រោម៖ ១-មិនត្រូវផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមី សម្រាប់ជក់គ្រប់ប្រភេទនៅគ្រប់ទីកន្លែង។ ២-មិនត្រូវចាប់ដៃគូសហការជាមួយឧស្សាហករថ្នាំជក់ និងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយផលិតផល មានជាតិនីកូទីន ទោះក្នុងគោលបំណងណាមួយ ជាអាទិ៍ សកម្មភាពសប្បុរសធម៌ ព្រឹត្តិការណ៍កីឡា សិល្បៈផ្សេងៗ ។ ៣-មិនត្រូវទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សរណៈជាមួយឧស្សាហករថ្នាំជក់ និងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយផលិតផលមានជាតិនីកូទីន។ ៤-មិនអនុញ្ញាតឱ្យផ្តល់ទីតាំង ឬទីធ្លា សម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយ ឬពិព័រណ៌របស់ឧស្សាហករថ្នាំជក់ និងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយផលិតផលមានជាតិនីកូទីន។
ទទួលបានសេចក្តីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជំនាញជុំវិញរាជធានីភ្នំពេញ គ្រប់គ្រឹះស្ថានសាធារណៈ និងឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញត្រូវអនុវត្ត និងផ្សព្វផ្សាយសេចក្តីណែនាំនេះឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕



ដោយ សួស សំរិត





