ឯកឧត្តម ញ៉ឹក វណ្ណារ៉ា ចូលរួមសិក្ខាសាលាស្តីពីកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស
AKP ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ បានចូលរួមជាអធិបតីបើកសិក្ខាសាលាពិនិត្យសម្រេចលើខ្លឹមសារកែសម្រួលចុងក្រោយនៃគោលការណ៍ណែនាំ ស្តីពីបែបបទនិងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស។
ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានលើកឡើងថា សិក្ខាសាលានេះមានគោលបំណងពិនិត្យសម្រេចលើខ្លឹមកែសម្រួលនៃ «គោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប» ដែលបានរួមបញ្ចូលនូវមតិត្រឡប់ពាក់ព័ន្ធដែលប្រមូលបានក្នុងដំណាក់កាលសាកល្បង ដោយរួមទាំងវិធីសាស្ត្រផ្តោតការយកចិត្តទុកដាក់លើជនរងគ្រោះ។

កម្មវិធីនេះរៀបចំដោយនាយកដ្ឋានគាំពារជនរងគ្រោះនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច សហការជាមួយគម្រោង TRUST ការអភិវឌ្ឍន៍សមត្ថភាពដើម្បីជួយជនរងគ្រោះដែលរួចពីការជួញដូរមនុស្ស (JICA) ដែលមានអ្នកចូលរួម អង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សរុបអ្នកចូលរួមចំនួន៧២នាក់៕


ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





