ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីសិក្សាអន្តរជាតិ PEARSON EDEXCEL នៅសាលារៀនអន្តរជាតិវ៉េស្ទឡាញន៍ សាខាខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦-- សាលារៀនអន្តរជាតិវ៉េស្ទឡាញន៍បានរៀបចំសន្និសីទសារព័ត៌មាន និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីសិក្សាអន្តរជាតិ PEARSON EDEXCEL ក្រោមអធិបតីភាព លោកជំទាវ គារ សុភូ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយក ក្រុមហ៊ុន វេសឡាញ អេឡូខេសិន គ្រុប ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងដៃគូ PEARSON លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនានា សិស្សានុសិស្ស និងមាតាបិតាសិស្សជាច្រើនទៀត ដោយពិធីនេះប្រារព្ធធ្វើនៅសាលប្រជុំ សណ្ឋាគារផាមរីវើ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានមានប្រសាសន៍ថា ការនាំយកកម្មវិធី PEARSON EDEXCEL ដែលជាកម្មវិធីសិក្សាស្តង់ដារលំដាប់ពិភពលោកពីចក្រភពអង់គ្លេសមកកាន់ខេត្តកំពង់ស្ពឺ គឺមានគោលបំណងផ្តល់ឱ្យសិស្សានុសិស្សនូវឱកាសមាសក្នុងការទទួលបានចំណេះដឹង និងវិញ្ញាបនបត្រដែលទទួលស្គាល់ជាអន្តរជាតិ ដើម្បីឈានទៅរកការសិក្សានៅសកលវិទ្យាល័យល្បីៗទូទាំងពិភពលោក។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ គារ សុភូ អភិបាលរងខេត្ត បានសម្តែងការកោតសរសើរចំពោះសាលារៀនអន្តរជាតិវ៉េស្ទឡាញន៍ ដែលតែងតែនាំមកនូវអ្វីដែលថ្មី និងល្អសម្រាប់វិស័យអប់រំក្នុងខេត្ត។ លោកជំទាវបានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្តកំពង់ស្ពឺជានិច្ចកាលចាត់ទុកវិស័យអប់រំជាអាទិភាពចម្បង ក្នុងការកសាងធនធានមនុស្សដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃឧស្សាហកម្មក្នុងខេត្ត។

ទន្ទឹមនឹងការអបអរសាទរ លោកជំទាវអភិបាលរងខេត្តក៏បានផ្តល់ការអប់រំណែនាំ និងក្រើនរំលឹកយ៉ាងម៉ឺងម៉ាត់ដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីសមត្ថភាព ដើម្បីដើរឱ្យទាន់សម័យកាលឌីជីថល ប៉ុន្តែអ្វីដែលកាន់តែសំខាន់នោះ គឺក្មួយៗត្រូវដាច់ខាតចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអបាយមុខផ្សេងៗ។ គ្រឿងញៀនមិនត្រឹមតែបំផ្លាញអនាគតខ្លួនឯងប៉ុណ្ណោះទេ តែវាក៏បំផ្លាញក្តីសង្ឃឹមរបស់ឪពុកម្តាយ និងជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់សង្គមជាតិ។

ជាមួយគ្នានេះ លោកជំទាវក៏បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ត្រូវបន្តកិច្ចសហការជិតស្និទ្ធជាមួយសាលា ដើម្បីតាមដានការសិក្សា និងការរស់នៅរបស់កូនៗ ធ្វើយ៉ាងណាឱ្យពួកគេក្លាយជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អក្នុងសង្គមផងដែរ៕
ដោយ ម៉ែន ប៊ុនធីម





