រដ្ឋមន្រ្តីក្រសួងកសិកម្មចូលរួមប្រជុំអន្តរក្រសួងត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ថ្នាក់រដ្ឋមន្ត្រីលើកទី៦
AKP ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ ត្រី-វិស័យលើកទី៦ ស្តីពីការសម្របសម្រួលអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍ កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។

គួរបញ្ជាក់ថា កិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៦ ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ គឺដើម្បី៖ ទី១) ពិនិត្យលើវឌ្ឍនភាពនិងសមិទ្ធផលការងារត្រី-វិស័យដែលសម្រេចបាននៅតាមសហគមន៍ទាំងអស់ដែលបានជ្រើសរើសសម្រាប់កិច្ចអន្តរាគមន៍ បន្ទាប់ពីកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៥កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥និងការកំណត់ទិសដៅការងារបន្តក្នុងការជ្រើសរើសសហគមន៍បន្ថែម និងទី២) ពិនិត្យលើវឌ្ឍនភាពនិងលក្ខខណ្ឌការងារយោងនៃការរៀបចំយុទ្ធសាស្ត្រនិងផែនការអនុវត្តត្រី-វិស័យសម្រាប់ការអភិវឌ្ឍប្រកបដោយការសម្របសម្រួលលើវិស័យកសិកម្ម ទឹក អភិវឌ្ឍន៍ជនបទនៅកម្ពុជាឆ្នាំ២០២៧-២០៣១។


ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសហការរួមគ្នាយ៉ាងជិតស្និត ក្នុងការកំណត់អាទិភាពនិងដាក់មធ្យោបាយរួមឱ្យមានភាពបន្សំគ្នា ដែលសម្រេចបាននូវលទ្ធផលជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន លើកកម្ពស់ជីវភាពឱ្យមានភាពល្អប្រសើរ ទទួលបានភោគផល សេដ្ឋកិច្ច មានប្រសិទ្ធភាពខ្ពស់ ដែលមានការគាំទ្រលើកទឹកចិត្ត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលឱ្យបន្តការងារសហការគ្នានេះឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមអភិក្រម "ជវភាព នៃប្រព័ន្ធតួអង្គតែមួយ”៕

ដោយ៖ មករា





