ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាពិតជាមានការសោកស្ដាយ ដែលភាគីថៃកំពុងពិចារណាដកខ្លួនដោយឯកតោភាគីចេញពី MoU 2001
AKP ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦--
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា កម្ពុជាពិតជាមានការសោកស្ដាយ ដែលភាគីថៃកំពុងពិចារណាដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃ ឬមួយក៏ហៅកាត់ថា MoU 2001។ កម្ពុជាតែងតែផ្ដល់អាទិភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។
ជាង ២៥ឆ្នាំ កន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នាមួយនេះ បានដើរតួនាទីយ៉ាងសំខាន់ ជាក្របខណ្ឌទ្វេភាគីដែលបានឯកភាពគ្នាសម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា។ ការចូលជាធរមាននៃ MoU 2001 នេះ បញ្ជាក់ឱ្យឃើញអំពីស្មារតីនៃកិច្ចការសហប្រតិបត្តិការ និងសុឆន្ទៈទៅវិញទៅមក។
ដូច្នេះ ការដកខ្លួនដោយឯកតោភាគីចេញពី MoU 2001 គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីដែលបង្កើតឱ្យមានក្របខណ្ឌទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែកនិងប្រើប្រាស់ជាងពីរទសវត្សរ៍កន្លងមកនេះ។
ក្នុងកម្មវិធីផ្សាយផ្ទាល់ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នាព្រឹកថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា «ក្នុងករណីភាគីថៃដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ក្នុងនាមជារដ្ឋដែលគោរពនិងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាគ្មានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាពិសេស យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលបង្កើតឡើងនៅក្រោមអនុសញ្ញាមួយនេះទេ»។
សូមបញ្ជាក់ជូនថា យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដើម្បីជួយទៅដល់រដ្ឋភាគីក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងឱ្យឃើញពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់ដែលប្រទេសទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យប្រជាជនទាំងពីររស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងសេចក្តីសុខ៕

ដោយ៖គង់ សិរីរ័ត្ន





