ឯកឧត្ដម នេត្រ ភក្រ្ដា គូសបញ្ជាក់ថា ក្នុងអំឡុងសង្គ្រាម អ្នកសារព័ត៌មានមិនបានកាន់អាវុធទេ ប៉ុន្តែបានកាន់ ប៊ិច កាមេរ៉ា ម៉ាស៊ីនថត សៀវភៅកត់ត្រា និងសេចក្តីក្លាហាន
AKP ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ --ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ក្នុងអំឡុងសង្គ្រាម និងអស្ថិរភាព អ្នកសារព័ត៌មានជាច្រើនបានឈរនៅជួរមុខនៃប្រវត្តិសាស្ត្រ ហើយពួកគាត់បានធ្វើដំណើរឆ្លងកាត់តំបន់ប្រយុទ្ធ តំបន់គ្រោះថ្នាក់ និងស្ថានភាពដែលពោរពេញដោយហានិភ័យ ដើម្បីនាំយកការពិតទៅកាន់ប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិ។

ឯកឧត្ដមបានលើកឡើងថា ពួកគេមិនបានកាន់អាវុធទេ ប៉ុន្តែបានកាន់ប៊ិច កាមេរ៉ា ម៉ាស៊ីនថត សៀវភៅកត់ត្រា និងសេចក្តីក្លាហាន។ ពួកគេមិនបានស្វែងរកកិត្តិយសផ្ទាល់ខ្លួនទេ ប៉ុន្តែបានបំពេញបេសកកម្មដ៏ថ្លៃថ្នូរ ក្នុងការផ្តល់ព័ត៌មាន បង្ហាញការពិត និងកត់ត្រាការឈឺចាប់ ការតស៊ូ និងក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា ក្នុងសម័យកាលដ៏លំបាកមួយនៃប្រវត្តិសាស្ត្រជាតិ។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ២០២៦ និងការតាំងពិព័រណ៍រូបថត ស្តីពីតួនាទីអ្នកសារព័ត៌មាននៅកម្ពុជា ពីទសវត្សរ៍ឆ្នាំ១៩៧០ ដល់បច្ចុប្បន្ន នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្ដម នេត្រ ភក្រ្ដី បានថ្លែងថា ថ្ងៃនេះ យើងជួបជុំគ្នានៅក្នុងឱកាសដ៏មានអត្ថន័យនៃ ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ឆ្នាំ២០២៦ ដើម្បីរម្លឹកដោយក្តីគោរពយ៉ាងជ្រាលជ្រៅ ចំពោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានបំពេញបេសកកម្មនៅកម្ពុជា ជាពិសេសអ្នកសារព័ត៌មានដែលបានស្លាប់បាត់បង់ជីវិត និងរងរបួសក្នុងសង្គ្រាមនៅកម្ពុជា ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៩៨។ ឯកឧត្ដមរដ្ឋមន្រ្ដីបានមានប្រសាសន៍រម្លឹកថា ពេលយើងនិយាយពីឆ្នាំ១៩៧០ ដល់ឆ្នាំ២០២៦ គឺមានរយៈពេល ៥៦ ឆ្នាំក្នុងដំណើរកម្ពុជា។ រយៈពេលនេះ មិនមែនគ្រាន់តែជាចំនួនឆ្នាំនោះទេ ប៉ុន្តែជាដំណើរដ៏វែងឆ្ងាយរបស់ប្រទេសមួយ ដែលបានឆ្លងកាត់សង្គ្រាម អំពើហិង្សា សោកនាដកម្ម ការបែកបាក់ ការស្តារឡើងវិញ សន្តិភាព ការអភិវឌ្ឍ និងការបន្តកសាងអនាគត។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ «ក្នុងដំណើរ ៥៦ ឆ្នាំនេះ អ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់។ ពួកគាត់បានក្លាយជាសាក្សីនៃប្រវត្តិសាស្ត្រ ជាអ្នកកត់ត្រាការពិត និងជាស្ពានភ្ជាប់រវាងព្រឹត្តិការណ៍នៅលើដីកម្ពុជា ជាមួយនឹងប្រជាជនកម្ពុជា និងពិភពលោក»។

ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងព័ត៌មានបានអះអាងថា ចាប់ពីសម័យសង្គ្រាមក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដល់ដំណាក់កាលនៃការស្វែងរកសន្តិភាព និងរហូតដល់កម្ពុជានាពេលបច្ចុប្បន្ន តួនាទីរបស់អ្នកសារព័ត៌មានតែងតែមានសារៈសំខាន់ក្នុងការផ្តល់ព័ត៌មាន បង្ហាញការពិត និងចូលរួមកសាងការយល់ដឹងសាធារណៈ។ ឯកឧត្ដមដ្ឋមន្រ្ដីក៏បានសង្កត់ធ្ងន់ផងដែរថា៖ «ការបាត់បង់ជីវិត និងរបួសរបស់អ្នកសារព័ត៌មានទាំងនោះ គឺជាការលះបង់ដ៏ធំធេង មិនត្រឹមតែសម្រាប់វិស័យសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សង្គមទាំងមូល។ ពួកគាត់បានបង្ហាញឱ្យយើងឃើញថា សេរីភាពសារព័ត៌មាន សិទ្ធិទទួលបានព័ត៌មាន និងការស្វែងរកការពិត មិនមែនជារឿងងាយស្រួលឡើយ។ វាត្រូវបានកសាងឡើងលើការលះបង់ ការប្តេជ្ញាចិត្ត និងពេលខ្លះ លើតម្លៃជីវិតរបស់មនុស្ស»៕
ដោយ៖ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា





