តើអ្វីទៅជាកម្មវិធីប្រកួត «សហគ្រាសមួយ ជាសហគមន៍សុខសាន្ដមួយ»?
AKP ភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦---
សម្រាប់ឆ្នាំ២០២៦ នេះជាឆ្នាំទី២ ដោយមានសហគ្រាសចំនួន ៥៥ ត្រូវបានវាយតម្លៃ និងជ្រើសរើសឱ្យទទួលពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនម្ចាស់ជ័យលាភីដោយផ្ទាល់។
កម្មវិធីនេះ ត្រូវបានកំណត់ស្ដីពីលក្ខណៈវិនិច្ឆ័យទៅលើក្រុមហ៊ុន រោងចក្រ សហ គ្រាសនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិត ផលធ្វើដំណើរនិងកាបូប ក្រោមការផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ដូច្នេះតើអ្វីទៅជាកម្មវិធី «សហគ្រាសមួយ ជាសហគមន៍សុខសាន្ដមួយ»?
កម្មវិធី«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ២០២៤ ដើម្បីលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅបង្កើតនូវវប្បធម៌អនុលោមភាពតាមច្បាប់ ពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើតផលិតភាពការងារនៅកម្ពុជា។


ដើម្បីទទួលបានបេក្ខភាពចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ត្រូវមានលក្ខខណ្ឌការងារល្អ សំដៅដល់សហគ្រាសដែលទទួលបានវិញ្ញាបនបត្របញ្ជាក់អនុលោមភាព លក្ខខណ្ឌការងារពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បើតាមលក្ខខណ្ឌនោះ គឺរោងសហគ្រាស មិនមានការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ មានទំនាក់ទំនងវិជ្ជាជីវៈល្អ សំដៅដល់សហគ្រាសដែលមានយន្តការដោះស្រាយវិវាទការងារនៅថ្នាក់សហគ្រាស និងមានយន្តការកិច្ចសន្ទនាសង្គម។

បន្ថែមលើនេះ ត្រូវមានសុវត្ថិភាព និងសុខភាពការងារ សំដៅដល់សហគ្រាសដែលមិនមានគ្រោះថ្នាក់ការងារ និងមានស្នាដៃក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងការងារ។ មានអនុលោមភាពរបបសន្តិសុខសង្គមសំដៅដល់សហគ្រាសដែលអនុវត្តល្អនូវកាតព្វកិច្ចស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។ រោងចក្រសហគ្រាសនោះ ត្រូវមានគោលការណ៍ជំរុញការប្រើប្រាស់កម្មករនិយោជិតមានពិការភាពសំដៅដល់សហគ្រាសដែលប្រើប្រាស់កម្មករនិយោជិតមានពិការភាពលើសពី ៣ភាគរយនៃចំនួនកម្មករនិយោជិតសរុប។ ត្រូវមានកម្មវិធីលើកកម្ពស់ផលិតភាពការងារសំដៅដល់សហគ្រាសដែលអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញ និងលើកកម្ពស់សមត្ថភាពរបស់កម្មករនិយោជិត។

លើសពីនេះ ត្រូវមានកម្មវិធីទទួលខុសត្រូវសង្គមសំដៅដល់សហគ្រាសដែលចូលរួមគាំទ្រក្នុងដំណើរការទារកដ្ឋាន និងមត្តេយ្យសហគមន៍ មានកម្មវិធីការងារបៃតង និងលើកទឹកចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក ព្រមទាំងចូលរួមការងារសង្គមផ្សេងៗ។
លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានចាត់ទុកកម្មវិធីនេះ គឺការលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងវិស័យការងារដែលស្របទៅតាមគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍វិស័យការងារនៅកម្ពុជា។
លោកថា៖ «ខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីនេះ ព្រោះជាការលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម រោងចក្រសហគ្រាស និងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតផលិតផលកាបូប ដែលខិតខំប្រឹងប្រែងកែប្រែបរិយាកាសនៅក្នុងរោងចក្រ បរិយាកាសការងារ និងការអនុវត្តទៅតាមស្ដង់ដារអន្តរជាតិផងដែរ»។


លោកបន្ដថា កម្មវិធីនេះគឺជាការបន្តអនុវត្តនូវយន្តការត្រីភាគី និងការជំរុញកិច្ចសន្ទនាសង្គមសំដៅសម្រេចឱ្យបាននូវការពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយនិងពេញលេញដែលជាតម្រូវការរបស់ត្រីភាគីនិងភាគីពាក់ព័ន្ធក្នុងវិស័យការងារ ដើម្បីជួយប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។
គួរបញ្ជាក់ថា រោងចក្រសហគ្រាសដែលទទួលបានជ័យលាភីក្នុងការប្រឡងប្រណាំងនឹងត្រូវប្រកាសជ័យលាភីនៅក្នុងទិវាពលកម្មអន្តរជាតិ ដែលប្រារព្ធនាថ្ងៃទី១ ខែឧសភា ជារៀងរាល់ឆ្នាំ។ ម្ចាស់ជ័យលាភីនឹងទទួលបានការលើកទឹកចិត្តដូចជា ពានរង្វាន់ដែលមាន ៣កម្រិត, វិញ្ញាបនបត្រ និងការលើកលែងការចុះអធិការកិច្ចសាមញ្ញក្នុងរយៈពេលចាប់ពី ១ឆ្នាំដល់៣ឆ្នាំ ស្របតាមកម្រិតនៃពានរង្វាន់ដែលទទួលបាន៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





