សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការអបអរសាទរយ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦–ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានស្រង់ខ្លឹមសារក្នុងសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំលើកទី៣៣ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ដោយបានលើកឡើងថា សម្ដេចធិបតី សម្តែងការអបអរសាទរយ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងគ្រប់អង្គភាពសារព័ត៌មានទាំងបែបប្រពៃណី និងបែបទំនើបទាំងអស់ ដែលបាននិងកំពុងបំពេញតួនាទីដ៏សំខាន់ក្នុងការផលិត ផ្សព្វផ្សាយព័ត៌មានពិត បម្រើផលប្រយោជន៍សាធារណៈ និងបានរួមចំណែកក្នុងការអភិវឌ្ឍសង្គមកម្ពុជា។ សារព័ត៌មានជាដៃគូយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នៅក្នុងការកសាងសង្គមព័ត៌មានពិត ត្រឹមត្រូវ ដើម្បីបង្កើនជំនឿទុកចិត្តសាធារណៈ និងការពារស្ថិរភាពសង្គម។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបន្តថា ក្នុងបរិបទនៃយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត សេរីភាពសារព័ត៌មាន មិនមែនត្រឹមតែជាសិទ្ធិមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែ ជាសមត្ថភាពយុទ្ធសាស្ត្រមួយក្នុងការចូលរួមលើកកម្ពស់សន្តិសុខព័ត៌មាន និងត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ សុចរិតភាពវិជ្ជាជីវៈ ការទទួលខុសត្រូវសង្គម ការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។ ការធានាសុវត្ថិភាពព័ត៌មាន ការរក្សាព័ត៌មានសម្ងាត់របស់ជាតិក្នុងកាលៈទេសៈនៃវិបត្តិ និងការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន មិនមែនជាការរឹតត្បិតសេរីភាពខាងសារព័ត៌មាន និងសេរីភាពនៃការបោះពុម្ពផ្សាយនោះទេ ប៉ុន្តែ គឺជាការធានា៖ ទី១. ការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ ទី២. ការធានាបាននូវសន្តិសុខព័ត៌មាន ដែលរួមមានសិទ្ធិទទួលបានព័ត៌មាន ប្រភពច្បាស់លាស់នៃព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មានសម្រាប់ពលរដ្ឋ និងទី៣. ការធានាបាននូវការការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ជាតិនិងប្រជាជន។
សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា លទ្ធផលនៃការស្ទង់មតិរបស់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ បានបង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ រីឯការពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាក៏មានលក្ខណៈល្អប្រសើរដែរ។ ការណ៍នេះសបញ្ជាក់ថា សេរីភាពសារព័ត៌មាននៅកម្ពុជា កំពុងរីកចម្រើនជាបន្តបន្ទាប់ទាំងសិទ្ធិនិងគុណភាពវិជ្ជាជីវៈ ហើយនេះក៏បញ្ជាក់ថា កម្ពុជាកំពុងរក្សាតុល្យភាពរវាងសេរីភាព និងសណ្តាប់ធ្នាប់សារព័ត៌មាន ដែលជាគន្លឹះសម្រាប់សង្គមឌីជីថល។ នេះជាកិច្ចខិតខំប្រឹងប្រែងរួមរបស់ក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់គុណភាពព័ត៌មាន ការផ្សព្វផ្សាយដែលមានសុចរិតភាព និងការទទួលខុសត្រូវក្នុងការផ្តល់ព័ត៌មានដល់សាធារណជន។
ខណៈដែលព្រះរាជាណាចក្រកម្ពុជា និងប្រទេសនានាលើពិភពលោកកំពុងប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» រាជរដ្ឋាភិបាលកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះវិស័យសារព័ត៌មានដែលបានរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ការលើកកម្ពស់យុត្តិធម៌ និងការកសាងសង្គមសន្តិភាព។ សារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងមានទំនួលខុសត្រូវ គឺជាគ្រឹះដ៏រឹងមាំនៃសង្គមប្រជាធិបតេយ្យ។ ការណ៍នេះនាំដល់កិច្ចប្រតិបត្តិសេរីភាពសារព័ត៌មាន ដើម្បីបុព្វហេតុសន្តិភាព បូរណភាពទឹកដី និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ។
ជាក់ស្តែងនៅអំឡុងពេលនៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា អ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិត (ព័ត៌មានត្រឹមត្រូវ មិនលម្អៀង មិនបង្កការយល់ច្រឡំ ឬបង្កើនភាពតានតឹងក្នុងសង្គម) ដែលមានប្រភពផ្លូវការ និងច្បាស់លាស់ ដើម្បីជួយបង្កើនការយល់ដឹងរបស់សាធារណជនពីស្ថានការណ៍ពិតនៅតំបន់ព្រំដែន។ សម្តេចធិបតីក៏សូមថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អ្នកបង្កើតមាតិកា និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមក្នុងការការពារការពិត ជឿលើព័ត៌មានផ្លូវការ និងបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសកម្មភាពនៃការរំលោភបំពានរបស់យោធាថៃ ឱ្យពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិបានដឹងច្បាស់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់អ្នកសារព័ត៌មានឱ្យបន្តតួនាទីជាអ្នកបន្សុទ្ធព័ត៌មាន និងទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យព័ត៌មានប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវក្នុងវិជ្ជាជីវៈ និងកុំផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានណាដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ជាពិសេសស្ត្រី និងកុមារ និងកុំយកស្លាកអ្នកសារព័ត៌មាន ទៅបិទបាំងសកម្មភាពល្មើសច្បាប់ ឬបម្រើឱ្យរបៀបវារៈរបស់ក្រុមអមិត្ត ដែលមានបំណងបង្កអន្តរាយជាតិ ដោយក្បត់មនសិការវិជ្ជាជីវៈ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ សម្តេចធិបតីក៏បានគូសបញ្ជាក់ថា សេរីភាពសារព័ត៌មាននៅកម្ពុជានឹងត្រូវបានបន្តការពារ និងលើកកម្ពស់តាមគោលការណ៍នៃច្បាប់ សុចរិតភាព និងការទទួលខុសត្រូវ ដើម្បីបម្រើប្រជាជន ការពារជាតិ និងរួមចំណែកដល់សន្តិភាពក្នុងតំបន់ និងពិភពលោក៕

ដោយ៖ គង់ សិរីរ័ត្ន





