កីឡាករកាយវប្បកម្មណាចេញប្រកួតក្រៅប្រទេសគ្មានការឯកភាពពីសហព័ន្ធ និងក្រសួងអប់រំ ជាការប្រកួតជាលក្ខណៈបុគ្គល ឬអាជីវកម្មផ្ទាល់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦--សហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណកម្ពុជា (Cambodia Bodybuilding and Physique Sports Federation) បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយទៀត ដែលលើកឡើងថា រាល់កីឡាករ កីឡាការិនីណាដែលចេញទៅប្រកួតអន្តរជាតិ មិនមានការឯកភាពពីសហព័ន្ធ និងគ្មានលិខិតឧទ្ទេសនាមពីក្រសួងអប់រំ យុវជន និងកីឡា ដែលជាអាជ្ញាធរកីឡា គឺជាប្រកួតលក្ខណៈបុគ្គល ឬធ្វើអាជីវកម្មផ្ទាល់ខ្លួនប៉ុណ្ណោះ។
សេចក្តីប្រកាសព័ត៌មាន ចេញផ្សាយ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា ការចេញដំណើរចូលរួមការប្រកួតកីឡាកាយវប្បកម្មកម្រិតអន្តរជាតិនៅក្រៅប្រទេសរបស់កីឡាករ-កីឡាការិនីរបស់សហព័ន្ធតំណាងឱ្យប្រទេសកម្ពុជា ដោយកីឡាករ-កីឡាការិនីទទួលបានស្អាតស្អំ ដោយមិនប្រើប្រាស់សារធាតុដូប៉ា និងត្រូវមានការបញ្ជាក់យ៉ាងត្រឹមត្រូវ ដោយអនុលោមយ៉ាងម៉ឺងម៉ាត់តាមបទបញ្ញត្តិរបស់ទីភ្នាក់ងារប្រឆាំងសារធាតុដូប៉ាពិភពលោក (WADA)។

សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ជាសហព័ន្ធតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពស្របច្បាប់ ដោយក្រសួងអប់រំ យុវជន និងកីឡា និងទទួលស្គាល់ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណកម្ពុជា ជាសមាជិកផ្លូវការរបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោក (World Bodybuilding and Physique Sports Federation) ហៅកាត់ WBPF ដែលមានតួនាទីរៀបចំ ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណក្នុងប្រទេស និងបញ្ជូនចូលរួមការប្រកួតលើឆាកអន្តរជាតិ។
យោងតាមគោលការណ៍ និងការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ចំពោះការរៀបចំ និងការចូលរួមការប្រកួតជាផ្លូវការទាំងអស់ដែលពាក់ព័ន្ធនឹងកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ គឺតម្រូវឱ្យសហព័ន្ធសាម៉ី រៀបចំលិខិតស្នើសុំគោលការណ៍អនុញ្ញាតឱ្យរៀបចំការប្រកួត ឬចូលរួមការប្រកួតអន្តរជាតិ។

ជាក់ស្តែង សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាបានគោរពតាមគោលការណ៍ និងការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ជានិច្ច ដើម្បីភាពស្របច្បាប់ និងការទទួលស្គាល់ជាផ្លូវការ។ លើសពីនេះ កីឡាករ កីឡាការិនី ដែលចូលរួមការប្រកួតលក្ខណៈជាអន្តរជាតិ និងជាការប្រកួតផ្លូវការ គឺដាច់ខាតជាកីឡាករ កីឡាការិនីស្អាតស្អំ មិនប្រើប្រាស់សារធាតុដូប៉ា និងត្រូវមានការបញ្ជាក់យ៉ាងត្រឹមត្រូវ ដោយអនុលោមយ៉ាងម៉ឺងម៉ាត់តាមបទបញ្ញត្តិរបស់ទីភ្នាក់ងារប្រឆាំងសារធាតុដូប៉ាពិភពលោក (WADA)។


ក្នុងន័យនេះ រាល់ការចូលរួមណារបស់ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីកាយវប្បកម្ម និងលំហាត់ប្រាណ ដែលចូលរួមការប្រកួតអន្តរជាតិ ពុំមានការឯកភាពពីសហព័ន្ធ និងពុំមានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា គឺជាការចូល រួមក្នុងនាមបុគ្គល ឬអាជីវកម្មផ្ទាល់ខ្លួនតែប៉ុណ្ណោះ មិនមែនក្នុងនាមតំណាងឱ្យព្រះរាជាណាចក្រកម្ពុជានោះទេ។ សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធនេះបានធ្វើឡើង បន្ទាប់ពីមានកីឡាករ កីឡាការិនីកាយវប្បកម្ម ដែលមិនស្ថិតក្រោមសហព័ន្ធកីឡាជាតិមួយនេះប្រកាសចូលរួមប្រកួតអន្តរជាតិជាបន្តបន្ទាប់។ ដូច្នេះសហព័ន្ធក៏បានចេញសេចក្តីប្រកាសព័ត៌មាននេះជាការរម្លឹកពីគោលការណ៍ ក៏ដូចជាការជូនដំណឹងដល់កីឡាករ កីឡាការិនី ព្រមទាំងមហាជនជ្រាបជាព័ត៌មាន៕
ដោយ ហេង ណាលីន





