អភិបាលស្រុកតាំងគោកដឹកនាំមន្ត្រីនិងប្រជាពលរដ្ឋរៀបចំពិធីបុណ្យវិសាខបូជា នៅវត្តវត្តក្តីតាចិន
AKP កំពង់ធំ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦--លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោកកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦បានដឹកនាំមន្ត្រីរាជការក្រោមឱវាទលោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ពុទ្ធបរិស័ទ សិស្សានុសិស្សជាច្រើនអង្គ/នាក់រៀបចំពិធីបុណ្យវិសាខបូជានៅវត្តវត្តក្តីតាចិន ស្ថិតនៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
លោក ហាក់ ម៉ុងហួត បានបញ្ជាក់ថាពិធីបុណ្យវិសាខបូជាជាបុណ្យសាសនាធំមួយក្នុងព្រះពុទ្ធសាសនា ដែលមានសារៈសំខាន់ខ្លាំងសម្រាប់ពុទ្ធសាសនិកទូទាំងពិភពលោក។បុណ្យនេះត្រូវបានប្រារព្ធឡើងរៀងរាល់ឆ្នាំ នៅថ្ងៃពេញបូណ៌មីខែវិសាខ។ បុណ្យវិសាខបូជាគឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិដើម្បីរំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូនាថ្ងៃពេញបូណ៌មី គឺថ្ងៃ ១៥កើតខែពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជា ប្រកបដោយជំនឿថាជាមហាកុសលដ៏ប្រសើរ។


លោក ហាក់ ម៉ុងហួតបានបន្ថែមថា ភាពសុខដុមនីយកម្មផ្នែកសាសនាការីកចម្រើនក្នុងវិស័យអាណាចក្រនិងពុទ្ធចក្រនៅកម្ពុជាគឺដោយសារប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងបន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សូមជម្រាបថា បុណ្យវិសាខបូជាគឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះគឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតមគឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូតបានត្រាស់ដឹងនិងជាថ្ងៃចូលបរិនិព្វានដែលព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងចំថ្ងៃ១៥កើតខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។

នៅថ្ងៃទី១៥ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ(UN)ក៏បានប្រកាសទទួលស្គាល់"វិសាខបូជា"ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការនិងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង៕
ដោយ ស៊ុម វណ្ណា





