លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវលំ០១ខ្សែប្រវែង ៥៧០០ម៉ែត្រជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីហ៊ុន ម៉ាណែត នៅស្រុកប្រាសាទបល្ល័ង្ក
AKP កំពង់ធំ ថ្ងៃទី០២ ខែឧសភាឆ្នាំ២០២៦--លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្កកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវលំថ្មី០១ខ្សែប្រវែង ៥៧០០ម៉ែត្រស្ថិតក្នុងឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ដើម្បីឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់ក្នុងការធ្វើដំណើរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកអ្នកឧកញ៉ា បណ្ឌិតទ្រី ភាពបានគូសបញ្ជាក់ថា"ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់"សមិទ្ធផលថ្មីនេះនឹងជួយសម្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងក្លាយជាចលករជំរុញសេដ្ឋកិច្ចមូលដ្ឋានយ៉ាងរឹងមាំតាមរយៈការផ្តល់ភាពងាយស្រួលដល់កសិករក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានឆាប់រហ័ស ជួយកាត់បន្ថយការចំណាយ និងរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។

សូមបញ្ជាក់ថា នេះគឺជាសមិទ្ធផលធំទី២ហើយ បន្ទាប់ពីគម្រោងទី១ដែលលោកអ្នកឧកញ៉ាបណ្ឌិតបានផ្តល់ជូនកាលពីពេលកន្លងមកគឺការឈូសឆាយ និងក្រាលគ្រួសក្រហមលើផ្លូវលំចំនួន១០៦ខ្សែសរុបប្រវែង២១៥គីឡូម៉ែត្រនៅក្នុងឃុំសាលាវិស័យ។បន្ទាប់ពីបញ្ចប់ពិធីបើកការដ្ឋាន លោកអ្នកឧកញ៉ាបណ្ឌិត ក៏បានបន្តដំណើរចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារស្នាក់ការគណបក្សស្រុកប្រាសាទបល្ល័ង្កថ្មីដើម្បីធានាឱ្យបាននូវគុណភាពនិងសោភ័ណភាពត្រៀមបម្រើការងារជូនប្រជាពលរដ្ឋនិងគណបក្សនាពេលខាងមុខ។

ក្នុងឱកាសនោះ លោកអ្នកឧកញ៉ាបណ្ឌិតទ្រី ភាពនិងលោកជំទាវក៏បាននាំយកនូវអំណោយចែកជូនដល់ថ្នាក់ដឹកនាំគណបក្សស្រុក-ឃុំ កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យនិងប្រជាពលរដ្ឋដែលបានចូលរួមប្រមាណ៤ពាន់នាក់នូវថវិកានិងអង្ករចំនួន១០តោនសរុបប្រមាណ២៥៥លានរៀល៕

ដោយ ស៊ុម វណ្ណា





